លោកស្រី Pham Thu Huong ភរិយារបស់មហាសេដ្ឋីមានដាច់គេវៀតណាម លោក Pham Nhat Vuong បានក្លាយជាប្រធានក្រុមហ៊ុន GSM ដែលជាប្រតិបត្តិករសេវាកម្មហៅតាក់ស៊ី Xanh SM។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុន GSM បាននិយាយនៅក្នុងការប្រកាសមួយទៅកាន់អាជ្ញាធរកាលពីពេលថ្មីៗនេះថា លោកស្រី Huong បានទទួលយកការងារនេះ នៅពេលដែលលោក Phan Thanh Long បានសម្រេចចុះចេញពីតំណែង ពោលគឺចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ២០២៣ មក។
ដំបូងឡើយ GSM ដំណើរការជាចម្បងក្នុងការហៅតាក់ស៊ី មុនពេលពង្រីកទៅជាសេវាកម្មដូចជាការដឹកជញ្ជូនអាហារ ការដឹកជញ្ជូនទំនិញក្នុងទីក្រុង និងការជួលរថយន្ត និងម៉ូតូអគ្គិសនី។ ក្រុមហ៊ុននេះ ប្រើប្រាស់តែយានយន្តដែលផលិតដោយ VinFast ប៉ុណ្ណោះ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយផ្សេងទៀត គ្រប់គ្រងដោយលោក Vuong។
ជម្រាបជូនថាសេវាកម្ម Xanh SM ឥឡូវនេះមានវត្តមាននៅក្នុងខេត្ត និងទីក្រុងចំនួន ៣៤ នៅទូទាំងប្រទេសវៀតណាម និងនៅក្រៅប្រទេសផ្សេងទៀត ដូចជាឡាវ ឥណ្ឌូណេស៊ី និងហ្វីលីពីន៕

