អាល្លឺម៉ង់​ បន្តផ្តល់ជំនួយយោធាតម្លៃជាង ៥,៦ពាន់លានដុល្លារបន្ថែម ដល់អ៊ុយក្រែន

អន្តរជាតិ

រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផ្តល់កញ្ចប់ជំនួយយោធាតម្លៃ ៥,៦៥ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលដំណើរទេស្សនកិច្ចរបស់ប្រធានាធិបតីលោក Volodymyr Zelensky ទៅកាន់ទីក្រុងប៊ែរឡាំង។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥ពាន់លានអឺរ៉ុប ដោយក្នុងនោះរួមមានទាំងការវិនិយោគផ្ទាល់របស់អាល្លឺម៉ង់ នៅក្នុងឧស្សាហកម្មការពារជាតិអ៊ុយក្រែន និងការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរវាងក្រុមហ៊ុនផលិតអាវុធនៃប្រទេសទាំងពីរ ផងដែរ។

នៅក្រោមកិច្ចព្រមព្រៀងនេះ អាឡឺម៉ង់ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមសម្រាប់អ៊ុយក្រែន ក្នុងការផលិតអាវុធរយៈចម្ងាយឆ្ងាយ ក្នុងស្រុក ដោយទាញយកអត្ថប្រយោជន៍ពីសមត្ថភាពឧស្សាហកម្ម និងជំនាញបច្ចេកទេសដែលមានស្រាប់របស់ប្រទេស ខណ:សព្វាវុធភាគច្រើន ត្រូវបានគេរំពឹងថានឹងចែកចាយ នៅចុងឆ្នាំ២០២៥។

គួរឲ្យដឹងថា កិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានប្រកាស បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង។ មានការរំពឹងទុកថា អាឡឺម៉ង់ ក៏នឹងប្រកាសការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្តល់កាំជ្រួចមីស៊ីលឆ្លងទ្វីប Taurus ដល់អ៊ុយក្រែន ក្នុងអំឡុងទស្សនកិច្ចនេះផងដែរ បន្ទាប់ពីការបដិសេធជាយូរមក ដោយសារការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹងជាមួយរុស្ស៊ី។

ជម្រាបជូនផងដែរថា អាល្លឺម៉ង់​ជា​អ្នក​គាំទ្រ​ដ៏ធំបំផុត​មួយ​របស់​អ៊ុយក្រែន ​ក្នុង​ជម្លោះ​រវាងទី​ក្រុង​គៀវ និង​ម៉ូស្គូ។ គិតត្រឹមដើមខែឧសភា ប្រទេសនេះបានផ្តល់ជំនួយជិត ៥០ពាន់លានដុល្លាររួចមកហើយ ដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលអាល្លឺម៉ង់៕