ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់បានអះអាងថា ច្រកសមុទ្រ Hormuz គឺជាកំផែងយុទ្ធសាស្រ្ត និងមានសារៈសំខាន់ជាងគ្រប់បែកនុយក្លេអ៊េររាប់សិបគ្រាប់ទៅទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Mohsen Rezaee ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី១៣ កក្កដាថាបានឆ្លងកាត់ខ្សែបន្ទាត់ក្រហម ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លាជាទីបំផុត
មន្ត្រីអ៊ីរ៉ង់ដដែលនេះ បាននិយាយទៀតថា ៖” យើងនឹងការពារច្រកសមុទ្រ Hormuz ពីព្រោះផ្លូវដឹកជញ្ជូនជាយុទ្ធសាស្ត្រនេះ គឺជាសសរស្តម្ភមួយនៃការការពាររបស់អ៊ីរ៉ង់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសជាតិ។ ច្រកសមុទ្រ Hormuz គឺមានសារៈសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែររាប់សិបគ្រាប់ទៅទៀត”។
យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើតឡើងបន្ទាប់ពីកងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសបិទច្រកសមុទ្រ Hormuz សារជាថ្មី ដោយសារតែអស្ថិរភាពដែលបណ្តាលមកពីសកម្មភាពរបស់កងកម្លាំងខាងក្រៅ។ IRGC បាននិយាយថា ការសម្រេចចិត្តនេះនឹងនៅតែមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងបន្ថែម និងព្រមានឲ្យសហរដ្ឋអាមេរិក ធ្វើការបញ្ឈប់ការជ្រៀតជ្រែករបស់ពួកគេនៅក្នុងតំបន់នេះ។
គួរជម្រាបជូនផងដែរថា ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងកើនឡើងកម្តៅសារជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសលើកទីបីរបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី១២ ខែកក្កដា បន្ទាប់ពីបានចោទប្រកាន់ប្រទេសនេះថាបានវាយប្រហារកប៉ាល់ដឹកទំនិញ GFS Galaxy ដែលមានដោតទង់ជាតិរបស់ប្រទេសស៊ីប នៅពេលព្យាយាមឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលជាហេតុធ្វើឲ្យមានការសងសឹកយ៉ាងខ្លាំងក្លាវិញពីសំណាក់ទីក្រុងតេអេរ៉ង់៕

