ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum កាលពីពេលថ្មីៗនេះ បានស្នើសុំឲ្យសហរដ្ឋអាមេរិក ចែករំលែកទឹកប្រាក់ចំនួន ១៥ពាន់លានដុល្លារដែលរឹបអូសបានពីមេក្លោងគ្រឿងញៀន Sinaloa ទៅកាន់ជនក្រីក្រនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Sheinbaum បាននិយាយប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២៧ ខែសីហាថា៖” ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងយកលុយពីមេក្លោងគ្រឿងញៀន Zambada នោះយើងនឹងទាមទារឲ្យមានការចែករំលែកវាទៅឲ្យប្រជាជនក្រីក្របំផុត នៅក្នុងប្រទេសម៉ិកស៊ិក”។
គួរឲ្យដឹងថា មេក្លោងគ្រឿងញៀន Ismael “El Mayo” Zambada វ័យ ៧៧ឆ្នាំ បានសារភាពកំហុស នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែសីហា ដោយយល់ព្រមរឹបអូសទ្រព្យសម្បត្តិសរុបប្រមាណ ១៥ពាន់លានដុល្លារ។ Zambada បានបង្កើតក្រុមជួញដូរគ្រឿងញៀនមួយ ឈ្មោះថា Sinaloa ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏ឃោរឃៅ និងមានឥទ្ធិពលបំផុតមួយរបស់ពិភពលោក ដោយពួកគេធ្វើប្រតិបត្តិការ ទាំងនៅក្នុងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។
ជម្រាបជូនផងដែរថាបន្ទាប់ពីជាងពីរទសវត្សនៃការតាមចាប់ខ្លួន ដោយសហរដ្ឋអាមេរិក Zambada ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៥ ខែកក្កដា នៅពេលដែលរូបលោកបានចុះចតនៅព្រលានយន្តហោះ ក្នុងទីក្រុង El Paso រដ្ឋតិចសាស់ នៅលើយន្តហោះឯកជនជាមួយ បន្ទាប់មកធ្វើបត្យាប័នទៅកាន់ទីក្រុងញូវយ៉ក សម្រាប់ការកាត់ទោស៕

