ចិន កំពុងចរចាជាមួយអ៊ីរ៉ង់ ដើម្បីអនុញ្ញាតឲ្យនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព

អន្តរជាតិ

ប្រទេសចិន កំពុងចរចាជាមួយអ៊ឺរ៉ង់ ដើម្បីអនុញ្ញាតឲ្យនាវាដឹកប្រេងឆៅ និងឧស្ម័នរបស់កាត ឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz ខណៈពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់ កាន់តែធ្ងន់ធ្ងរឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សង្គ្រាមនេះ ដែលបានឈានចូលដល់ថ្ងៃទីប្រាំមួយ គិតនៅត្រឹមថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យផ្លូវដឹកជញ្ជូនដ៏សំខាន់ស្ទើរតែបិទទាំងស្រុង ដោយប្រទេសនានាជុំវិញពិភពលោកត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំនៃពិភពលោក។

ប្រទេសចិន ដែលមានទំនាក់ទំនងមិត្តភាពជាមួយអ៊ីរ៉ង់ និងពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា មិនសប្បាយចិត្តចំពោះចលនារបស់សាធារណរដ្ឋអ៊ីស្លាមក្នុងការធ្វើឱ្យការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះជាប់គាំងនោះឡើយ ហើយកំពុងដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ឱ្យអនុញ្ញាតឱ្យនាវាទាំងនោះឆ្លងកាត់ដោយសុវត្ថិភាព។ ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ទទួលបានប្រេងប្រហែល ៤៥% របស់ខ្លួនពីច្រកសមុទ្រដ៏សំខាន់នេះ។

គួរឲ្យដឹងថា តម្លៃប្រេងឆៅបានកើនឡើងជាង ១៥% ចាប់តាំងពីជម្លោះបានចាប់ផ្តើម ចំពេលមានការផ្អាកផលិតកម្ម ខណៈដែលទីក្រុងតេអេរ៉ង់ បន្តវាយប្រហាររោងចក្រថាមពលនៅក្នុងតំបន់ឈូងសមុទ្រ ក៏ដូចជាកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ផងដែរ។

យោងតាមទិន្នន័យតាមដានកប៉ាល់ Vortexa បានបង្ហាញថា កប៉ាល់ដឹកប្រេងឆៅដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នេះ បានធ្លាក់ចុះមកត្រឹមបួនគ្រឿងប៉ុណ្ណោះ គិតនៅត្រឹមថ្ងៃទី១ ខែមីនា ពោលគឺមួយថ្ងៃបន្ទាប់ពីសង្រ្គាមផ្ទុះឡើង ធៀបនឹងកប៉ាល់ជាមធ្យម ២៤ គ្រឿងក្នុងមួយថ្ងៃចាប់តាំងពីខែមករា។ ប្រភពដដែល ក៏បានបង្ហាញឲ្យដឹងទៀតថា កប៉ាល់ដឹកប្រេងប្រហែល ៣០០ គ្រឿងនៅតែបន្តជាប់គាំងនៅច្រកសមុទ្រនោះ៕​