មូលនិធិរូបិយវត្ថុអន្តរជាតិ មកស្វែងយល់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានមកជួបពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពិភាក្សាស្វែងយល់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះ ធ្វើឡើងរវាងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា បានឱ្យដឹងថា បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាជាមួយអាជ្ញាធរ និងវិស័យឯកជន ដើម្បីស្វែងយល់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថានភាពហិរញ្ញវត្ថុ ទស្សនវិស័យនាពេលអនាគត និងគោលនយោបាយនានា។

លើសពីនេះ លោកបានបន្ថែមថា  គោលបំណងរបស់ក្រុមការងារដែលមកបំពេញបេសកកម្មនាពេលនេះ ក៏ជាពិសេសការគាំទ្ររបស់ IMF ក្នុងការចូលរួមអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលនានាសម្រាប់អភិវឌ្ឍសមត្ថភាពមន្រ្តី-បុគ្គលិកឱ្យបានកាន់តែប្រសើរថែមទៀត។

ជាមួយគ្នានេះ លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិ បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា។ លើសពីនេះ លោកស្រីក៏បានលើកឡើងពីការដាក់ចេញវិធានការនានាជាបន្តបន្ទាប់ សំដៅផ្តល់ជាដំណោះស្រាយលើបញ្ហាប្រឈមចម្បងៗ ដូចជាបញ្ហាកើតចេញពីជម្លោះព្រំដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ឱ្យជម្រះបញ្ជីសម្រាប់គ្រឹះស្ថានធនាគារស្របតាមច្បាប់នៃកម្ពុជា ជាដើម។

គួររំលេចថា បន្ទាប់ពីជំនួបពិភាក្សាជាមួយធនាគារជាតិ ក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានជួបពិភាក្សាថ្នាក់បច្ចេកទេសជាមួយថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ទៅលើស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា វឌ្ឍនភាពប្រព័ន្ធធនាគារ និងបញ្ហាប្រឈមនានាផងដែរ៕ អត្ថបទ៖ ហ្សាលីន