ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋកុំសម្រុកស្តុកប្រេងឥន្ធនៈ លើសតម្រូវការ ដើម្បីបង្ការហានិភ័យសុវត្ថិភាព

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់សាធារណជន ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅតាមរាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់អនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសក្នុងការលក់ និងស្តុកទុកប្រេងឥន្ធនៈ ដើម្បីគ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពអ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវនេះ មានគោលបំណងធានាបាននូវការគ្រប់គ្រងហានិភ័យក្នុងការទិញ-លក់ប្រេងឥន្ធនៈ និងការពារសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតមានពីការស្តុកប្រេងឥន្ធនៈដោយមិនគោរពតាមលក្ខណៈស្តង់ដាបច្ចេកទេស។ ជាមួយគ្នានេះ ក៏ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយលក់ផងដែរ។

ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ បន្តអនុវត្តតាមស្តង់ដា និងក្រមប្រតិបត្តិដែលបានអនុវត្តជាទូទៅកន្លងមក ដើម្បីធានាការគ្រប់គ្រងហានិភ័យឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ក្រសួងក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ និងជៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្រសួងបានបញ្ជាក់ថា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រួមជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពល តាមរាជធានី-ខេត្ត កំពុងបន្តចុះត្រួតពិនិត្យ និងតាមដានសកម្មភាពលក់ប្រេងឥន្ធនៈជាប្រចាំ ដើម្បីធានាថាការលក់អនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតី។

ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់សាធារណជន ក្រុមហ៊ុនចែកចាយ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ឱ្យចូលរួមអនុវត្តតាមការណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេស៕