លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានលើកឡើងថា ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម យើងក៏ត្រូវគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។

លោករដ្ឋមន្រ្ដីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងតែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញលើផ្កាយរណបនិងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាលនានា លើផ្នែកផ្កាយរណបនិងលំហអាកាស។ ហើយនៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម យើងក៏ត្រូវគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។
បន្ថែមលើនេះ លោក ជា វ៉ាន់ដេត លើកឡើងថា ក្រសួងកំពុងសិក្សាអំពីឧត្តមានុវត្តនៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រងលំហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធនឹងលំហអាកាសផងដែរ៕






