ក្នុងថ្ងៃទិវាសិទ្ធិនារី! លោកអ្នកឧកញ៉ា ភាព ហៀក លើកទឹកចិត្តដល់នារីគ្រប់រូប កុំផ្តេកផ្តួលតាមភាពលំបាក ត្រូវធ្វើជានារីរឹងមាំ ក្រោកតស៊ូដើម្បីខ្លួនឯងនិងប្រទេសជាតិ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍លើកទឹកចិត្តដល់នារីៗគ្រប់រូប ត្រូវចេះតស៊ូ ក្រោកឡើងជំនះការលំបាក កុំទន់ជ្រាយជាមួយភាពលំបាក ឬប្តីធ្វើបាបឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យរបស់ក្រុមហ៊ុន ជីប ម៉ុង ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងក៏ជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ នាថ្ងៃទី៨ ខែមីនា លោកអ្នកឧកញ៉ា ភាព ហៀក បានមានប្រសាសន៍ថា «នារីត្រូវមានភាពតស៊ូ ទោះបីជាឆ្លងកាត់ឧបសគ្គប៉ុណ្ណាក៏ដោយ បើប្តីធ្វើបាបហើយត្រូវតែតស៊ូ មិនត្រូវទន់ជ្រាយទេ តួយ៉ាងខ្ញុំផ្ទាល់បានហែលឆ្លងកាត់ឧបសគ្គរាប់រយដង ត្រូវដើរតួជាម្តាយផង ដើរតួជាឪពុកសម្រាប់កូនៗ៦នាក់ផង»។

ដើម្បីជាសារលើកទឹកចិត្តដល់ស្រ្តីៗក្នុងថ្ងៃទិវាសិទ្ធិនារី លោកអ្នកឧកញ៉ាក៏បានលើកយកពីប្រវត្តិដ៏ជូរចត់របស់លោកអ្នកឧកញ៉ាដែលជាស្រ្តីកើតចេញពីភាពអត់ក្រលំបាកតោកយ៉ាក រស់នៅក្រោមដំបូងផ្ទះបិទមិនជិត ជញ្ជាំងប្រក់មេឃ ក្នុងការងារជាអ្នកអូសរទេះទិញដែកអេតចាយ ទម្រាំបានធំធាត់រហូតមកដល់សព្វថ្ងៃគឺកើតចេញពីកម្លាំងញើសឈាមតស៊ូ និងមាស២ជី។ ត្រង់នេះ លោកអ្នកឧកញ៉ាសង្កត់ធ្ងន់ថា ជាស្រ្តីត្រូវរឹងប៉ឹង តស៊ូសម្រាប់ខ្លួនយើងនិងប្រទេសជាតិ។

សូមជម្រាបថា លោកអ្នកឧកញ៉ា ភាព ហៀក ជាស្ត្រីមួយរូបដែលបានបង្កើតក្រុមហ៊ុន វិនិយោគដោយជនជាតិខ្មែរ ១០០ភាគរយ ដែលមានឥទ្ធិលពលដ៏ខ្លាំងបំផុតមួយនៅកម្ពុជា ខណៈក្រុមហ៊ុនខ្នាតយក្សមួយនេះបានវិនិយោគស្ទើតែគ្រប់វិស័យ។ លោកលោកអ្នកឧកញ៉ា ភាព ហៀក បានបង្កើតក្រុមហ៊ុន និងចាប់ផ្តើមអាជីវកម្មដំបូង តាំងពីឆ្នាំ១៩៨២ ហើយមកទល់បច្ចុប្បន្ន មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធសរុបចំនួន ១៣នៅក្នុងដៃ ព្រមទាំងវិស័យជាច្រើនទៀត។ ភាពរីកចម្រើនដ៏ខ្លាំងក្លានេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្ដែគឺកើតចេញបានដោយសារមានគោលការណ៍រកស៊ីច្បាស់លាស់ និងមានក្ដីស្រមៃធំនៅក្នុងមុខជំនួញនីមួយៗរបស់ខ្លួន៕