ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថា ការកើនឡើងនៃតម្លៃប្រេងគឺគ្រាន់តែផ្នែកតូចមួយប៉ុណ្នោះដែលត្រូវចំណាយ សម្រាប់ប្តូរយកសន្តិភាពរយៈពេលវែង ហើយវានឹងធ្លាក់ចុះវិញយ៉ាងចាប់រហ័ស នៅពេលដែលការគំរាមកំហែងរបស់អ៊ីរ៉ង់បញ្ចប់។ នេហបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោក កាលពីថ្ងៃទី៨ ខែមីនាថា ៖” ការកើនឡើងនៃតម្លៃប្រេងរយៈពេលខ្លីគឺជាផ្នែកតូចមួយដែលត្រូវចំណាយសម្រាប់សុវត្ថិភាព និងសន្តិភាពរបស់អាមេរិក និងពិភពលោក។ តម្លៃប្រេងនឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស នៅពេលដែលការគំរាមកំហែងនុយក្លេអ៊ែរពីអ៊ីរ៉ង់ត្រូវបានលុបចោលទាំងស្រុង។ មានតែមនុស្សល្ងង់ទេដែលគិតផ្ទុយពីនេះ”។
គួរឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែមីនា តម្លៃប្រេងឆៅ Brent បានកើនឡើង ១៥,៥% ដល់ជាង ១០៧ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលតម្លៃប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានកើនឡើង ១៦,៨% ដល់ជាង ១០៦ដុល្លារក្នុងមួយបារ៉ែល។ ទាំងនេះ គឺជាតម្លៃប្រេងខ្ពស់បំផុតដែលបានឃើញចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅអ៊ុយក្រែននៅដើមឆ្នាំ២០២២ មក។
យ៉ាងណាមិញ យោធាអ៊ីរ៉ង់បានព្រមាននៅថ្ងៃដដែលនោះថា ខ្លួននឹងកំណត់គោលដៅទៅលើរោងចក្រប្រេងនៅមជ្ឈិមបូព៌ា ប្រសិនបើអ៊ីស្រាអែលបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសខ្លូននោះ។
ជម្រាបជូនថា បន្ទាប់ពីយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានព្រមាននាវាដឹកទំនិញមិនឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកតូចចង្អៀតមួយដែលដឹកជញ្ជូនប្រេងប្រហែល ២០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកពីឈូងសមុទ្រពែរ្សទៅកាន់មហាសមុទ្រឥណ្ឌា និងផ្សេងៗទៀត៕

