តម្លៃមាសអន្តរជាតិ ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះអស់ជាង ១៦០ដុល្លារ ក្នុងមួយអោន សម្រាប់ការជួញដូរចុងក្រោយ ខណៈពេលដែលសន្ទស្សន៍ភាគហ៊ុនសំខាន់ៗ នៅលើទីផ្សារហ៊ុន Wall Street របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះថ្លៃពី ១-២%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី១២ ខែកុម្ភៈ តម្លៃមាសសកល បានថយចុះ ១៦២ដុល្លារមកនៅត្រឹម ៤ ៩២០ដុល្លារក្នុងមួយអោន។ នេះគឺជាកម្រិតទាបបំផុតគិតក្នុងរយៈពេលមួយសប្តាហ៍។ ហើយគិតនៅត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ តម្លៃមាសបន្តធ្លាក់មកនៅត្រឹម ៤ ៩១១ដុល្លារក្នុងមួយអោន។
ជុំវិញការធ្លាក់ចុះនៃទីផ្សារនេះ ដោយសារតែមានរបាយការណ៍បានបង្ហាញការងារដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ដែលកាត់បន្ថយលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) ក្នុងរយៈពេលខ្លី។
គួរឲ្យដឹងថា យោងតាមទិន្នន័យដែលចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ បានបង្ហាញថាទីផ្សារការងារសហរដ្ឋអាមេរិក បានចាប់ផ្តើមថ្មីនេះ ជាមួយនឹងសុទិដ្ឋិនិយមខ្ពស់។ អត្រាការងារបានកើនឡើង ១៣០ ០០០ នៅក្នុងខែមករា បន្ទាប់ពីមានការធ្លាក់ចុះ ៤៨ ០០០ នៅក្នុងខែធ្នូ ឆ្នាំ២០២៥។ អត្រាអត់ការងារធ្វើក៏បានធ្លាក់ចុះបន្តិចផងដែរ មកនៅត្រឹម ៤,៣%។
ជម្រាបជូនផងដែរថា នៅលើទីផ្សារភាគហ៊ុនអាមេរិក សន្ទស្សន៍ហ៊ុនសំខាន់ៗទាំងបី ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ នៅថ្ងៃទី១២ ខែកុម្ភៈ។ ដោយសន្ទស្សន៍ហ៊ុន DJIA បានធ្លាក់ចុះ ១,៣% ,សន្ទស្សន៍ហ៊ុន S&P 500 បានធ្លាក់ចុះ ១,៦% និងសន្ទស្សន៍ហ៊ុន Nasdaq Composite បានធ្លាក់ចុះដល់ទៅ ២%៕

