ធនាគារកណ្តាលនៃប្រទេសប៉ូឡូញ កាលពីពេលថ្មីៗនេះ បានប្រកាសពីសំណើថ្មីមួយក្នុងការលក់ចេញមាសពីទុនបម្រុងរបស់ខ្លួនរហូតដល់ ១៣ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់ការចំណាយលើវិស័យការពារជាតិ ដែលជាផ្នែកមួយនៃគម្រោងគាំទ្រដោយប្រធានាធិបតីរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

លោក Adam Glapinski ប្រធានធនាគារជាតិប៉ូឡូញ បានគូសបញ្ជាក់ពីសំណើនេះ នៅក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតី លោក Karol Nawrocki ចំពេលកំពុងមានការស្វែងរកជម្រើសក្នុងការបង្កើតការចំណាយសម្រាប់វិស័យការពារជាតិ នៅក្នុងចំណោមបណ្តាប្រទេសរបស់សហភាពអឺរ៉ុប តាមសំណើរបស់សហរដ្ឋអាមេរិក។
គួរឲ្យដឹងថា កន្លងមកលោក Nowrocki បានបង្ហាញការរិះគន់ទៅលើគម្រោងប្រាក់កម្ចីទិញអាវុធចំនួន ១៥០ពាន់លានអឺរ៉ូ (១៧៤ពាន់លានដុល្លារ) របស់សហភាពអឺរ៉ុប ដោយហៅវាថាជាកិច្ចការដ៏ថ្លៃមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។
ទោះជាយ៉ាងណាក៏ដោយ លោក Adam Glapinski បានប្រាប់ប្រធានាធិបតីថា ធនាគារជាតិប៉ូឡូញ អាចស្វែងរកប្រាក់ចំណេញបាន ដោយការលក់ទុនបម្រុងមាសមួយចំនួនរបស់ខ្លួន (ប្រហែល ៥៥០តោន) ដែលមានតម្លៃស្មើទៅនឹងប្រមាណ ១៣ពាន់លានដុល្លារ។
ប៉ុន្តែចំពោះគំនិតផ្តួចផ្តើមដើម្បីផ្តល់ហិរញ្ញប្បទានដល់អាជ្ញាធររបស់ប្រទេសតាមរបៀបនេះ អាចនឹងប្រឈមមុខនឹងឧបសគ្គផ្នែកច្បាប់ និងនយោបាយ នៅទីក្រុងវ៉ាសូវី ដោយសារតែធនាគារកណ្តាលរបស់ប្រទេស ត្រូវបានហាមឃាត់មិនឱ្យផ្តល់ហិរញ្ញប្បទានដល់រដ្ឋាភិបាលនោះឡើយ៕

