ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់ប្រទេសអ៊ីរ៉ង់កាលពីពេលថ្មីៗនេះ បានជំរុញឲ្យរដ្ឋមូស្លីមទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ជួយទប់ស្កាត់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើរោងចក្រប្រេងឥន្ធនៈ និងថាមពលរបស់អ៊ីរ៉ង់ ដោយព្រមានថាទីក្រុងតេអេរ៉ង់ នឹងឆ្លើយតបដោយសកម្មភាពស្រដៀងគ្នានេះវិញ ប្រសិនបើការវាយប្រហារនៅតែបន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Ebrahim Zolfaghari បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីរោងចក្រស្តុកប្រេងឥន្ធនៈជាច្រើននៅក្នុងទីក្រុងតេអេរ៉ង់ និងខេត្ត Alborz ដែលនៅជិតខាងត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ដែលបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈបណ្តោះអាសន្ន និងបង្កើនការព្រួយបារម្ភអំពីសុខភាព និងបរិស្ថាន។
លោក Zolfaghari បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល និងមជ្ឈមណ្ឌលសេវាកម្មសាធារណៈរបស់អ៊ីរ៉ង់យ៉ាងឃោរឃៅ បន្ថែមពីលើការសម្លាប់ជនស៊ីវិល។ លោកបាននិយាយទៀតថា រដ្ឋមូស្លីមនៅក្នុងតំបន់គួរតែព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងយេរូសាឡឹម កុំឲ្យធ្វើសកម្មភាពកំសាក និងអមនុស្សធម៌បែបនេះ ដើម្បីការពារការរីករាលដាលនៃជម្លោះបន្តទៅទៀត។
មិនតែប៉ុណ្ណោះ លោក Zolfaghari បានបន្ថែមថា ៖”បើមិនដូច្នោះទេ សកម្មភាពស្រដៀងគ្នានេះនឹងត្រូវបានធ្វើឡើងនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ហើយប្រសិនបើពួកគេនៅតែមិនបន្តខ្វាយខ្វល់ទេ នោះតម្លៃប្រេងអាចនឹងកើនឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល”៕

