ប្រេងចំនួន ៣០០-៤០០ លានបារ៉ែលអាចត្រូវបញ្ចេញចេញពីប្រេងបម្រុងរបស់ប្រទេសជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) រួមទាំងក្រុមប្រទេសអ្នកមាន G7 ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន FT ។

នៅថ្ងៃទី៩ ខែមីនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ក្រុមប្រទេស G7 នឹងពិភាក្សាអំពីលទ្ធភាពនៃការបញ្ចេញប្រេងបម្រុងបន្ទាន់នៅក្នុងកិច្ចប្រជុំរបស់ពួកគេ ដែលនឹងរៀបចំឡើងក្នុងពេលឆាប់ៗនេះ។
ហើយមិនតែប៉ុណ្ណោះ នៅមុននេះ កាសែត Financial Times ក៏បានរាយការណ៍អំពីព័ត៌មាននៃការបញ្ចេញប្រេងស្រដៀងគ្នានេះ ដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ផងដែរ។
រដ្ឋមន្ត្រី និងនាយក IEA លោក Fatih Birol ត្រូវបានគេរំពឹងថានឹងធ្វើការសន្ទនាតាមទូរស័ព្ទនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃជម្លោះបច្ចុប្បន្ន និងស្វែងរកវិធីដើម្បីកាត់បន្ថយតម្លៃប្រេងផងដែរ។
យ៉ាងណាមិញ សមាជិកទាំង ៣២ រូបនៃ IEA រក្សាប្រេងបម្រុងយុទ្ធសាស្ត្រ ដើម្បីការពារប្រឆាំងនឹងការកើនឡើងខ្ពស់នៃតម្លៃប្រេង។ ជាមួយគ្នានេះ មន្ត្រីអាមេរិកមួយចំនួនជឿថា ការបញ្ចេញប្រេងសរុបចំនួន ៣០០-៤០០ លានបារ៉ែល គឺជារឿងដ៏សមហេតុផលបំផុត។ តួលេខនេះស្មើនឹង ២៥-៣០% នៃទុនបម្រុងសរុបរបស់ IEA។
ជម្រាបជូនថា ជុំវិញចលនានេះ បានកើតឡើងចំពេលមានការកើនឡើងនៃតម្លៃប្រេងឆៅសកលក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។ នៅក្នុងវគ្គជួញដូរដំបូងនៅសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent និង WTI បានកើនឡើងជិត ៣០% ដោយឈានដល់ជិត ១២០ដុល្លារដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មក៕

