លោក ម៉ាក្រុង៖ បារាំង និងសម្ព័ន្ធមិត្ត កំពុងរៀបចំបេសកកម្មពិសេស ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ

អន្តរជាតិ

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសនៅទី៩ ខែមីនាថា ប្រទេសបារាំង និងសម្ព័ន្ធមិត្ត កំពុងរៀបចំបេសកកម្ម «ការពារ» ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោកក៏បានព្រមានដែរថា ការវាយប្រហាររបស់អ៊ឺរ៉ង់លើប្រទេសស៊ីប គឺជាការវាយប្រហារលើអឺរ៉ុបទាំងមូល ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ា បានឈានចូលដល់សប្តាហ៍ទីពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីបារាំង បានថ្លែងនៅប្រទេសស៊ីប ថាបេសកកម្មរួមគ្នានេះ នឹងមានគោលដៅអមដំណើរនាវាដឹកកុងតឺន័រ និងនាវាដឹកប្រេង ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញជាបណ្តើរៗ «បន្ទាប់ពីដំណាក់កាលដ៏ក្តៅគគុកបំផុតនៃជម្លោះបានបញ្ចប់»។ វាជារឿងចាំបាច់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ហើយក៏សម្រាប់លំហូរឧស្ម័ន និងប្រេង ដែលត្រូវតែអាចដឹកចេញពីតំបន់ឈូងសមុទ្រពែរ្សនេះ បានជាថ្មីឡើងវិញ។

លោកបានបន្ថែមថា ប្រទេសបារាំងនឹងបង្កើត «បេសកកម្មការពារ និងគាំទ្រ» មួយ ដោយមានការចូលរួមពីបណ្តារដ្ឋក្នុងអឺរ៉ុប និងក្រៅអឺរ៉ុបមួយចំនួនទៀតដែរ។

ចរាចរណ៍ផ្លូវទឹកនៅច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនដ៏សំខាន់នៃតំបន់ឈូងសមុទ្រពែរ្ស និងជាកន្លែងដែលប្រេងឆៅចំនួន ១ភាគ៥ របស់ពិភពលោក ត្រូវឆ្លងកាត់នោះ បានផ្អាកស្ទើរតែទាំងស្រុង ចាប់តាំងពីសង្គ្រាមអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ឺរ៉ង់បានផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕