ក្រុមហ៊ុនខ្នាតយក្ស Samsung ប្រកាសកើបប្រាក់ចំណូលបានជាង ៥៥ពាន់លានដុល្លារ នៅត្រីមាសទី១

អន្តរជាតិ

ក្រុមហ៊ុន Samsung Electronics កាលពីពេលថ្មីៗនេះ បានប្រកាសពីការរកប្រាក់ចំណូលសរុបរបស់ខ្លួន បានរហូតដល់ទៅ ៥៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ពោលគឺត្រូវបានជំរុញដោយការលក់ស្មាតហ្វូនជំនាន់ចុងក្រោយ និងបន្ទះឈីពអង្គចងចាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៣០ ខែមេសានេះ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូងមួនេះ បានប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទីមួយរបស់ខ្លួន ដោយបានមើលឃើញពីការកើនឡើងប្រាក់ចំណូលដល់ចំនួនបំបែកកំណត់ត្រាខ្ពស់បំផុត ប្រមាណ ៧៩,១ទ្រីលានវ៉ុន (៥៥,៤ពាន់លានដុល្លារ) ខណ:ប្រាក់ចំណេញប្រតិបត្តិការវិញបានឈានដល់ចំនួន ៦,៧ទ្រីលានវ៉ុន។

គួរឲ្យដឹងថា តួលេខទាំងពីរនេះ គឺខ្ពស់ជាងការព្យាករទុកពីមុនរបស់ក្រុមអ្នកវិភាគ និងការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន Samsung Electronics ផ្ទាល់។ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន បានកើនឡើង ១០% ស្របពេលប្រាក់ចំណេញប្រតិបត្តិការបានកើនឡើងដល់ ១,៥% ។

ជម្រាបជូនថា ការលក់ស្មាតហ្វូនជំនាន់ចុងក្រោយ Samsung Galaxy S25 និងបន្ទះឈីបអង្គចងចាំ បានកើនឡើងយ៉ាងខ្លាំង។ បច្ចុប្បន្ន Samsung គឺជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំឈានមុខគេរបស់ពិភពលោក និងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទីពីរ នៅទូទាំងពិភពលោក ផងដែរ៕