ក្រុមហ៊ុន ឡាហ្វ រីយ៉ា ឯ.ក (Love Riya Co., Ltd) របស់អ្នកនាង ឆេង ស្រីរ័ត្ន បានប្រកាសឈប់នាំចូលផលិតផលគ្រឿងសម្អាងទាំងអស់។ នេះបើតាមលិខិតជូនដំណឹង ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សេចក្តីប្រកាសខាងលើនេះ គឺដោយសារថ្មីៗនេះក្រុមហ៊ុនបានសង្កេត និងពិនិត្យឃើញតាមបណ្តាញសង្គម Facebook, TikTok មានការផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាងជាច្រើនដែលបានក្លែងបន្លំ ប្រើប្រាស់ម៉ាកសញ្ញាផលិតផលរបស់ក្រុមហ៊ុន ឡាហ្វ រីយ៉ា ឯ.ក (Love Riya Co., Ltd) ជាពិសេសគឺ “ឡេពងមាន់” ដែលមានបុគ្គលមួយចំនួនកំពុងផ្សព្វផ្សាយ ចែកចាយ និងចរាចរលក់ ដោយប្រើប្រាស់ម៉ាកសញ្ញារបស់ក្រុមហ៊ុន តាមបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ និងផលប្រយោជន៍ និងឈ្មោះរបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនបានឈប់នាំចូល និងឈប់លក់ចែកចាយ នូវផលិតផលគ្រឿងសម្អាងទាំងអស់ ដែលបានលក់កន្លងមក អស់រយៈពេលជាច្រើនខែកន្លងមកហើយ និងមិនមាននៅសេសសល់ក្នុងស្តុកទៀតទេ។ ចំពោះជនទាំងឡាយណាដែលក្លែងបន្លំដូចខាងលើ ក្រុមហ៊ុននឹងមានវិធានការតាមនីតិវិធីច្បាប់៕


