ក្រុមហ៊ុន Love Riya របស់អ្នកនាង ឆេង ស្រីរ័ត្ន ប្រកាសឈប់នាំចូលផលិតផលគ្រឿងសម្អាងទាំងអស់

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ឡាហ្វ រីយ៉ា ឯ.ក (Love Riya Co., Ltd) របស់អ្នកនាង ឆេង ស្រីរ័ត្ន បានប្រកាសឈប់នាំចូលផលិតផលគ្រឿងសម្អាងទាំងអស់។ នេះបើតាមលិខិតជូនដំណឹង ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសខាងលើនេះ គឺដោយសារថ្មីៗនេះក្រុមហ៊ុនបានសង្កេត និងពិនិត្យឃើញតាមបណ្តាញសង្គម Facebook, TikTok មានការផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាងជាច្រើនដែលបានក្លែងបន្លំ ប្រើប្រាស់ម៉ាក​សញ្ញាផលិតផលរបស់ក្រុមហ៊ុន ឡាហ្វ រីយ៉ា ឯ.ក (Love Riya Co., Ltd) ជាពិសេសគឺ “ឡេពងមាន់” ដែលមាន​បុគ្គលមួយចំនួនកំពុងផ្សព្វផ្សាយ ចែកចាយ និងចរាចរលក់ ដោយប្រើប្រាស់ម៉ាកសញ្ញារបស់ក្រុមហ៊ុន តាមបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ និងផលប្រយោជន៍ និងឈ្មោះរបស់ក្រុមហ៊ុនយ៉ាង​ធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនបានឈប់នាំចូល និងឈប់លក់ចែកចាយ នូវផលិតផលគ្រឿងសម្អាង​ទាំងអស់ ដែលបានលក់កន្លងមក អស់រយៈពេលជាច្រើនខែកន្លងមកហើយ និងមិនមាននៅសេសសល់​ក្នុង​ស្តុកទៀតទេ។ ចំពោះជនទាំងឡាយណាដែលក្លែងបន្លំដូចខាងលើ ក្រុមហ៊ុននឹងមានវិធានការតាមនីតិវិធីច្បាប់៕