លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានក្រើនរំលឹកដល់ ម្ចាស់ទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនត្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាសដែលជាទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្តុំនៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នាថ្ងៃទី១០ ខែមីនានេះ។
ក្នុងឱកាសនោះ លោកស្រីអភិបាលខេត្តប៉ៃលិន បានលើកឡើងពីបទបញ្ញាត្តិសំខាន់ៗ ជូនដល់ម្ចាស់ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ឱ្យចូលរួមសហការ ជាមួយនឹងអាជ្ញាធរដែនដី ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសក្នុង ទីតាំងស្ថិតក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងយ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។

លោកស្រីបានក្រើនរំលឹកដល់ «ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅ ប្រមូល ផ្តុំ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជនបរទេសផ្តល់ ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាហើយមិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតក្រោម ការទទួលខុសត្រូវ របស់ខ្លួនឡើយ» ក្នុងនោះបើមានម្ចាស់ទីតាំង មានចេតនាលាក់បាំងនិងអនុញ្ញាតឱ្យជនបរទេសដែលចូលមក ព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ៕ រដ្ឋបាលខេត្តប៉ៃលិន

