កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់ គម្រោងហិរញ្ញប្បទានឥតសំណងចំនួនពីរ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។ ដោយគម្រោងទី១ សម្រាប់អនុវត្តគម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការ ដោយសារគ្រាប់មីន (ដំណាក់កាលទី៣) និង គម្រោងទី២ ជំនួយម៉ាស៊ីនស្កែនកុងតឺន័រនៅចំណតកុងតឺន័រថ្មី កំពង់ផែ ក្រុងព្រះសីហនុ។

ពិធីចុះហត្ថលេខា កាលពីថ្ងៃទី១២ ខែមករា បានធ្វើឡើងរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា។ ក្រសួងការបរទេស បានឱ្យដឹងថា ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជានេះ គឺសម្រាប់គម្រោងចំនួនពីរ រួមមាន៖
១. ទឹកប្រាក់ចំនួន ១.៧០០.០០០.០០០ យ៉េន (ប្រមាណ ១១.៣ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការ ដោយសារគ្រាប់មីន (ដំណាក់កាលទី៣)
២. ទឹកប្រាក់ចំនួន ១.១៤២.០០០.០០០ យ៉េន (ប្រមាណ ៧.៦ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្កែនកុងតឺន័រនៅចំណតកុងតឺន័រថ្មី កំពង់ផែ ក្រុងព្រះសីហនុ។
បើតាមក្រសួងការបរទេស បានគូសបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងនេះ បង្ហាញពីការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសជប៉ុនសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយជំរុញកំណើនប្រកបដោយចីរភាព។ ហិរញ្ញប្បទាននេះក៏ ជាសក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្រោម ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថែមទៀត៕

