រដ្ឋាភិបាលវៀតណាម បានចេញច្បាប់ថ្មីមួយ ដើម្បីកាត់បន្ថយពន្ធនាំចូលលើផលិតផលប្រេងឥន្ធនៈ និងវត្ថុធាតុដើមជាច្រើនដែលប្រើប្រាស់ក្នុងការផលិតប្រេងឥន្ធនៈ ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ច្បាប់ថ្មីដែលប្រកាសចេញនេះ ត្រូវបានដាក់ឲ្យចូលជាធរមាននៅថ្ងៃចន្ទ ដោយបានកាត់បន្ថយពន្ធនាំចូលអនុគ្រោះលើប្រេងសាំងគ្មានសារធាតុសំណពី ១០% មកត្រឹមសូន្យ។ ជាមួយគ្នានេះ ពន្ធលើសមាសធាតុលាយប្រេងឥន្ធនៈដូចជា ណាហ្វថា និងរីហ្វ័រម៉ាត ក៏ត្រូវបានកាត់បន្ថយមកត្រឹម ០% ផងដែរ។
មិនតែប៉ុណ្ណោះ ពន្ធលើប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងឥន្ធនៈអាកាសចរណ៍ និងប្រេងកាត ត្រូវបានកាត់បន្ថយពី ៧% មកត្រឹម ០%ដូចគ្នា។ ច្បាប់ថ្មីនេះ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣០ ខែមេសា បន្ទាប់ពីនោះពន្ធ ០% នឹងត្រលប់ទៅកាន់កម្រិតដើមវិញ លុះត្រាតែមានការអនុម័តបន្ត។
ជម្រាបជូនថា ការប្រកាសនេះ បានកើតឡើងនៅពេលដែលភាពតានតឹងកំពុងតែកើនឡើងខ្លាំងនៅមជ្ឈិមបូព៌ា ជាពិសេសជម្លោះដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោក៕

