«ភ្លៀងខ្មៅ» មានជាតិពុល ​គ្របដណ្តប់ទីក្រុង​តេហេរ៉ង់ ក្រោយអាម៉េរិកវាយប្រហារលើឃ្លាំងប្រេង

អន្តរជាតិ

ទីក្រុង​តេហេរ៉ង់ និងតំបន់ជុំវិញ កំពុងប្រឈមមុខនឹងមហន្តរាយបរិស្ថានដ៏គួរ​ឲ្យរន្ធត់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាម៉េរិក-​អ៊ីស្រាអែល​ លើឃ្លាំងបម្រុងប្រេងឥន្ធនៈរបស់​អ៊ីរ៉ង់ បានបង្ក​ឲ្យ​មានពពកខ្មៅពុល និងបង្កើតជា «ភ្លៀងខ្មៅ» ធ្លាក់ស្រោចស្រពពេញផ្ទៃដី។ នេះ​បើ​យោង​តាម​អង្គភាព Time ចេញផ្សាយកាល​ពីថ្ងៃ​ទី​៩​​ ខែ​មីនា​ ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិដ្ឋភាពដ៏គួរ​ឲ្យ​ភ័យខ្លាច ដោយឡានពណ៌សបានប្រែជាខ្មៅត្រឹមតែមួយយប់ ហើយមេឃនៅពេលថ្ងៃត្រង់ប្រែជាងងឹតស្លុបដូចពាក់កណ្តាលអធ្រាត្រ។

ភ្លាមៗនេះ អង្គការកាកបាទក្រហម​អ៊ីរ៉ង់ និងទីភ្នាក់ងារបរិស្ថានបានចេញការព្រមានបន្ទាន់ ដោយចាត់ថ្នាក់ភ្លៀងនេះថាជា «សារធាតុអាស៊ីត និងមានគ្រោះថ្នាក់បំផុត»។ ការប៉ះពាល់នឹងភ្លៀងនេះបានបណ្តាល​ឲ្យ​មានការរលាកស្បែក ពិបាកដកដង្ហើម និងរលាកភ្នែក និងបបូរមាត់យ៉ាងធ្ងន់ធ្ងរ ដែលអ្នកខ្លះប្រៀបធៀបអារម្មណ៍នោះទៅនឹងការដកដង្ហើមចូលនូវឧស្ម័នទឹកភ្នែក។

អ្នកនាំពាក្យក្រសួងការបរទេស​អ៊ីរ៉ង់ លោក Esmaeil Baghaei បានចោទប្រកាន់អាម៉េរិក-អ៊ីស្រាអែល​​ថាបានប្រព្រឹត្ត «បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ» តាមរយៈការបញ្ចេញសារធាតុពុលទៅក្នុងបរិយាកាសដោយចេតនា ដែលធ្វើ​ឲ្យ​ប៉ះពាល់ដល់សុខភាពប្រជាជន និងបំផ្លាញបរិស្ថានក្នុងទ្រង់ទ្រាយធំ។

នៅក្នុងរដ្ឋធានី ក្តីអស់សង្ឃឹមបាននិងកំពុងរីករាលដាល ខណៈដែលម៉ាសការពារបានក្លាយជាទំនិញកម្រ ហើយផ្សែងពុលបានជ្រាបចូលទៅដល់ក្នុងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអ៊ឺរ៉ង់៕