ប្រទេសកាតា បានចាប់ខ្លួនមនុស្សសរុប ៣១៣ នាក់ ពីបទថត ចែករំលែករូបភាព និងព័ត៌មានដែលចាត់ទុកថាជាការបំភាន់ទាក់ទងនឹងជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រសួងមហាផ្ទៃកាតា បានប្រកាសនៅថ្ងៃទី៩ ខែមីនាថា មនុស្សសរុបចំនួន ៣១៣នាក់ ត្រូវបានចាប់ខ្លួនពីបទថត និងចែកចាយវីដេអូ ក៏ដូចជាបង្ហោះព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាម ដែលអាចញុះញង់មតិសាធារណៈ។ នាយកដ្ឋានបង្ការឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នៃអគ្គនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មកាតា បានបន្ថែមថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ មានសញ្ជាតិជាច្រើនផ្សេងៗគ្នា។
យ៉ាងណាមិញជុំវិញការប្រកាសចាប់ខ្លួននេះ ត្រូវបានធ្វើឡើងចំពេលមានកំពុងមានការវាយប្រហារជាញឹកញាប់ដោយអ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសក្នុងតំបន់ឈូងសមុទ្រ។
ទន្ទឹមនឹងនេះ ពលរដ្ឋនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ក៏ត្រូវបានព្រមានអំពីហានិភ័យផ្នែកច្បាប់ ប្រសិនបើពួកគេចែករំលែក រូបភាពរសើប ឬព័ត៌មានមិនគួរឲ្យទុកចិត្តណាមួយ។ អាជ្ញាធរអារ៉ាប់រួម ក៏បានព្រមានប្រឆាំងនឹងការថត បោះពុម្ពផ្សាយ ឬចែករំលែករូបភាពនៃកន្លែងកើតហេតុ ឬការខូចខាតដែលបណ្តាលមកពីវត្ថុធ្លាក់ ឬបំណែកគ្រាប់ ផងដែរ។
ជម្រាបជូនថាមជ្ឈិមបូព៌ាត្រូវបានហ៊ុំព័ទ្ធដោយជម្លោះចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈមក។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបើកការសងសឹកវិញយ៉ាងចាស់ដៃដោយការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅកាន់មូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ និងប្រទេសអារ៉ាប់ជាច្រើន៕

