ជារឿងដ៏គួរឲ្យនឹងស្មានមិនដល់មួយថា បុគ្គលដែលមានជំនាញលើផ្នែកកុំព្យូទ័រចំនួន ៧ រូប អាចចាប់ដៃគ្នាកសាងក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដោយចាយដើមទុនដំបូងត្រឹមតែ ២៥០ដុល្លារប៉ុណ្ណោះ រហូតដល់អាចក្លាយជាក្រុមហ៊ុនមានឈ្មោះបោះសម្លេងទូទាំងពិភពលោក និងកើនឡើងតម្លៃដល់ទៅរាប់ពាន់លានដុល្លារ ក្នុងពេលបច្ចុប្បន្ន។
ក្រុមហ៊ុនដែលយើងចង់សំដៅលើនោះ គឺ Infosys Technologies Ltd ដែលត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៨១ ដោយអ្នកជំនាញផ្នែក IT ជនជាតិឥណ្ឌា ចំនួន ៧រូប រួមមានលោក N.R. Narayana Murthy , Nandan M. Nilekani , S. Gopalakrishnan , S.D. Shibulal ,K. Dinesh ,N.S. Raghavan និងលោក Ashok Arora ដោយចាយទុនរួមគ្នាដំបូងត្រឹមតែ ២៥០ដុល្លារ ប៉ុណ្ណោះ ក្នុងការចុះឈ្មោះក្រុមហ៊ុន Infosys Consultants Private Limited នៅទីក្រុង Pune ប្រទេសឥណ្ឌា។
បន្ទាប់ពីបានបង្កើតមិនបានយូរប៉ុន្មាន លុះដល់ដើមទស្សវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលរដ្ឋាភិបាលឥណ្ឌា ចាប់ផ្តើមធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងនិយតកម្ម ដែលបានរួមចំណែកដ៏ធំបំផុត ដល់កំណើនយ៉ាងឆាប់រហ័ស នៅក្នុងវិស័យបច្ចេកវិទ្យា និងកំព្យូទ័រក្នុងប្រទេស បានធ្វើឲ្យ Infosys ចាប់ផ្តើមមានភាពរីកចម្រើនខ្លាំង និងបានកែប្រែឈ្មោហរបស់ខ្លួនទៅជា Infosys Techonologies Private Limited។
ជាមួយនឹងភាពរីកចម្រើជាបន្តបន្ទាប់ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវលើវិស័យបច្ចេកវិទ្យារបស់ប្រទេស ដូចជាការផ្តល់ការប្រឹក្សាអាជីវកម្ម បច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មខាងក្រៅ Infosys បានក្លាយជាក្រុមហ៊ុនឥណ្ឌាដំបូងគេដែលត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនអាមេរិក NASDAQ ក្នុងឆ្នាំ១៩៩៩ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា ដែលបង្ហាញខ្លួននៅលើឆាកពិភពលោក។ ក្រុមហ៊ុនក៏ត្រូវបានទទួលស្គាល់ផងដែរសម្រាប់ការអនុវត្តអភិបាលកិច្ចសាជីវកម្មរបស់ខ្លួនបានយ៉ាងល្អ ដោយទទួលបានចំណាត់ថ្នាក់ឥណទានជាន់ខ្ពស់បំផុតពីទីភ្នាក់ងារ ICRA ផងដែរ។ ហើយក្រោយមក ត្រូវបានប្តូរឈ្មោះ Infosys Technologies Ltd ជំនួសវិញ។
សព្វថ្ងៃនេះ Infosys បានរីកចម្រើនទៅជាអង្គភាពអាជីវកម្មកម្រិតពិភពលោក ដែលមានវត្តមាននៅក្នុងប្រទេសជាង ៥០។ Infosys មានទីស្នាក់ការកណ្តាលនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏មមាញឹកនៃទីក្រុង Bengaluru ប្រទេសឥណ្ឌា។ គិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនមានកម្លាំងពលកម្មសរុបជាង ៣០០ ០០០ នាក់ នៅទូទាំងពិភពលោក ដែលធ្វើពួកគេក្លាយជាក្រុមហ៊ុនដែលមាននិយោជកធំជាងគេបំផុតមួយនៅក្នុងវិស័យ IT។
ជម្រាបជូនផងដែរថា តាមរយ:ភាពជោគជ័យនេះ គិតនៅក្នុងឆ្នាំសារពើពន្ធ ២០២៥ ក្រុមហ៊ុនអាចរកចំណូលបានសរុបប្រមាណ ១៩,៣ពាន់លានដុល្លារ និងធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ខ្លួន ហក់ឡើងរហូតដល់ ៧៥,៨ពាន់លានដុល្លារ។ នេះក៏បានធ្វើឲ្យ Infosys ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយ នៅក្នុងប្រទេសឥណ្ឌា ផងដែរ៕