ក្រសួងពាណិជ្ជកម្មកម្ពុជា បានដាក់ចេញនិងអនុវត្តនូវវិធានការសំខាន់ៗជាច្រើន ដើម្បីជំរុញការប្រកួតប្រជែងស្មើភាព ក្នុងគោលដៅជំរុញផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា។នេះបើយោងតាមប្រសាសន៍ របស់លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុង“ពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តទំនើបម៉ាក LYNK & CO” កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោករដ្ឋលេខាធិការ កឹម ស៊ីថន បានលើកឡើងថា ដើម្បីជំរុញការប្រកួតប្រជែងស្មើភាព ក្នុងគោលដៅជំរុញ បង្កើតមុខទំនិញនិងសេវាកម្មថ្មីៗ បង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងគណៈកម្មាធិការប្រកួតប្រជែង កម្ពុជា បានដាក់ចេញនិងអនុវត្តនូវវិធានការសំខាន់ៗជាច្រើន រួមមាន៖
១.ការជំរុញទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់តាមរយៈ ការទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំងនឹងសកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងស្មើភាព និងយុត្តិធម៌។
២.ការរៀបចំយន្តការនិងនីតិវិធីការដោះស្រាយតាមការចរចារចំពោះបទល្មើសក្រោមច្បាប់ ស្តីពីការប្រកួតប្រជែង សំដៅធានាធានាប្រសិទ្ធភាពពេលវេលា ចំណាយ ធានាភាពបត់បែន។
៣.ការរៀបចំយន្តការនិងនីតិវិធីផ្តល់លទ្ធភាពដល់ការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច ក្នុងគោលបំណងផ្តល់នូវការទទួលស្គាល់និងភាពស្របច្បាប់ក្នុងការរួមបញ្ចូលគ្នានៃធុរកិច្ច។
៤.ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព តាមរយ:តុលាការ និងលើកកម្ពស់ យន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាក្រៅប្រព័ន្ធតុលាការ។
៥. ការពង្រឹងការអនុវត្តច្បាប់ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ឱ្យកាន់តែប្រសើរ។
៦.ការពង្រឹងសមត្ថភាពប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់អតិថិជន អ្នកប្រើប្រាស់ និងក្រុមហ៊ុនធុរកិច្ច។
នៅក្នុងកិច្ចប្រជុំនេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យចាប់យកកាលានុវត្តភាពក្នុងការវិនិយោគបន្ថែមលើទីផ្សារយានយន្តអគ្គីសនី ដែលនឹងផ្តល់ផលប្រយោជន៍ដ៏សំខាន់ដល់ប្រជាពលរដ្ឋកម្ពុជា មានជាអាទិ៍ ការកាត់បន្ថយថ្លៃចំណាយ ការបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល និងការកាត់បន្ថយផ្សែងឧស្ម័នពុលដែលនឹងរួមចំណែកសំខាន់ ដល់ការធ្វើឱ្យប្រសើរទ្បើងនូវបរិស្ថាន ជាពិសេសការចាប់យកឱកាសចូលរួមវិនិយោគអភិវឌ្ឍបន្ថែមលើផ្នែកសេវាសក្តានុពលពាក់ព័ន្ធជាច្រើនទៀត៕អត្ថបទ៖ ហ្សាលីន


