CEO ធនាគារ ព្រីនស៍ ប្រកាសលាលែងពីតំណែងភ្លាមៗ

សង្គម​ និង​សេដ្ឋកិច្ច

លោក Looi Kok Soon បានប្រកាសលាលែងពីតំណែងនាយកប្រតិបត្តិមិនឯករាជ្យ និងប្រធាននាយកប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក (Non-Independent Executive Director and Chief Executive Officer of Prince Bank Plc.) ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារ ព្រីនស៍ ម.ក នៅថ្ងៃទី២៣ ខែតុលានេះ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការរបស់លោក Looi Kok Soon ស្តីពីការលាលែងពីតំណែងជានាយកប្រតិបត្តិមិនឯករាជ្យ និង ប្រធាននាយកប្រតិបត្តិពីធនាគារ ព្រីនស៍ ម.ក ដូចខាងក្រោម៖

“ភ្នំពេញ – ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ – ខ្ញុំសូមប្រកាសអំពីការសម្រេចចិត្តរបស់ខ្ញុំ ក្នុងការលាលែងពី​តំណែងនាយកប្រតិបត្តិមិនឯករាជ្យ និងប្រធាននាយកប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក ដែលមានប្រសិទ្ធភាព​ភ្លាមៗ ចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ ដើម្បីបន្តការងារផ្ទាល់ខ្លួនរបស់ខ្ញុំ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ក្រុមប្រឹក្សាភិបាល សម្រាប់ការជឿទុកចិត្ត ការគាំទ្រ និងភាពជាដៃគូដ៏មានតម្លៃរបស់ពួកគាត់ ក្នុងអំឡុងពេលដែលខ្ញុំកាន់តំណែង។

វាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ដែលបានដឹកនាំបុគ្គលិកដ៏ខិតខំប្រឹងប្រែងនៃធនាគារ ព្រីនស៍ ដែលបាន​អនុវត្តភារកិច្ចដោយភាពស្មោះត្រង់ និងការខិតខំអស់ពីសមត្ថភាព ដើម្បីបម្រើអតិថិជន និងសហគមន៍​របស់ពួកគេ។ ខ្ញុំមានទំនុកចិត្តជាខ្លាំងថា ក្រុមការងារដឹកនាំ ក្រោមការណែនាំរបស់ក្រុមប្រឹក្សាភិបាល នឹងបន្តដឹកនាំស្ថាប័នឲ្យកាន់តែរីកចម្រើន និងសម្រេចបាននូវជោគជ័យបន្ថែមទៀតនាពេលអនាគត។

ជាចុងក្រោយ ខ្ញុំសូមផ្ញើពាក្យជូនពរដ៏អស់ពីចិត្តទៅដល់ក្រុមគ្រួសារធនាគារ ព្រីនស៍ ទាំងអស់ ឲ្យប្រកបដោយសេចក្តីសុខ សំណាងល្អ និងភាពជោគជ័យគ្រប់ភារកិច្ច។ ដោយក្ដីគោរព”។

សូមជម្រាបថា លោក Looi Kok Soon ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី បានចូលកាន់តំណែងជា ប្រធាននាយកប្រតិបត្តិ (CEO) ធនាគារ ព្រីនស៍ ម.ក ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤៕