កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូង ខណៈកម្ពុជាក៏មានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក នៅពេលអនាគតផងដែរ។

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) ជាមួយលោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍ (China Institute for Innovation and Development Strategy – CIIDS) ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group Co., Ltd. និងតំណាងក្រុមហ៊ុន Men Sarun MDR Co., Ltd. កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ចិន ព្រមទាំងស្វែងយល់ពីសក្តានុពលក្នុងការជំរុញការនាំចេញកសិផលកម្ពុជា។
នាឱកាសនោះ លោករដ្ឋលេខាធិការ បានស្វាគមន៍និងបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិ-ឧស្សាហកម្ម និងខ្សែចង្វាក់តម្លៃ ដែលជាចលករជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
នៅក្នុងជំនួបពិភាក្សាខាងលើ លោក ក៏បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group Co., Ltd. និងក្រុមហ៊ុន Men Sarun MDR Co., Ltd.។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។
គួរបញ្ជាក់ផងដែរថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងផ្គូរផ្គងយ៉ាងសកម្មរបស់ ក្រុមការងារជំរុញការនាំចេញ (EPTF) នៃក្រសួងពាណិជ្ជកម្ម ដែលតែងតែដើរតួនាទីជាតួអង្គស្នូលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនាំចេញកម្ពុជា ជាមួយអ្នកបញ្ជាទិញសក្តានុពលអន្តរជាតិ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែធានាបាននូវកំណើននៃការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការនាំចេញកសិផលជាតិចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕ អត្ថបទ៖ ហ្សាលីន


