៥ឆ្នាំមកនេះ! ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាជាង៣លាននាក់

សង្គម​និង​សេដ្ឋកិច្ច

អភិបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងរយៈពេល០៥ឆ្នាំកន្លងមកនេះ ​ពោលគឺចាប់ពីឆ្នាំ ២០១៨-២០២២ ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាសរុបចំនួនជាង៣លាននាក់។នេះបើតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវ ជាខេត្តមួយដែលសម្បូរភោគផលធម្មជាតិ ទីតាំងប្រវត្តសាស្ត្រ វប្បធម៌ និងរមណីយដ្ឋានជាច្រើនដែលអាចទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិមកទស្សនា សម្រាកលំហែកាយ និងកំសាន្តនៅតាមតំបន់ទេស​ចរណ៍នានា ទាំងតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍កែច្នៃ វប្បធម៌​ និងប្រវត្តិសាស្ត្រ ដែលបានទាក់ទាញកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាជារៀងរាល់ឆ្នាំ។

ជាក់ស្តែង ក្នុងរយៈពេល ០៥ឆ្នាំកន្លងមកនេះ លោកថា ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាសរុបចំនួន ៣.៥៦១.៩០៥នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ៣.៥២៣.៧២០នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣៨.១៨៥នាក់។

ទន្ទឹមនឹងនេះផងដែរ លោកថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកំសាន្តកាន់តែច្រើន ខេត្តតែងតែងបានរៀបចំព្រឹត្តិការណ៍សំខាន់ៗជារៀងរាល់ឆ្នាំ ដូចជាពិធីសង្ក្រានដូនកែវ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យអ៉ុំទូកបណ្តែតប្រទីបរបស់ខេត្ត កម្មវិធីឆ្លងឆ្នាំសកល និងពិធីតាំងពិពណ៌ផ្សេងៗជាច្រើន។

គួរបញ្ជាក់ដែរថា ខេត្តតាកែវ មានរមណីយដ្ឋាទេសចរណ៍ចំនួន ១០កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រចំនួន ០៥កន្លែង រមណីយដ្ឋានធម្មជាតិចំនួន ០១កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ០២កន្លែង រមណីយដ្ឋានកែច្នៃចំនួន ០២កន្លែង និងប្រាសាទបុរាណចំនួន ៣៦ប្រាសាទ។ ជាងនេះទៀត ខេត្តក៏​មានសណ្ឋាគារ​ចំនួន ០២កន្លែង ផ្ទះសំណាក់ និងបន្ទប់ជួលចំនួន ១៥៦កន្លែង  ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ១២៧កន្លែង ខារ៉ាអូខេចំនួន ៥៨កន្លែង កន្លែងម៉ាស្សាចំនួន ០៥កន្លែង និងហាងកាហ្វេចំនួន ២៦កន្លែង ដែលកំពុងដំណើរការផ្តល់សេវាស្នាក់នៅ ចំណីអាហារ និងភេសជ្ជៈប្រកបដោយភាពកក់ក្តៅ​​ និងមានគុណភាពជូនដល់ភ្ញៀវជាតិ និង​អន្តរជាតិ៕

អត្ថបទ៖ ពិសី