ទីភ្នាក់ងារថាមពលអន្តរជាតិ ប្រកាសបញ្ចេញប្រេងចំនួន ៤០០លានបារ៉ែល ដើម្បីឆ្លើយតបវិបត្តិប្រេង ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា

អន្តរជាតិ

ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានឯកភាពបញ្ចេញប្រេងចំនួន ៤០០លានបារ៉ែល ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីព្យាយាមគ្រប់គ្រងតម្លៃប្រេងឆៅ ដែលបានហក់ឡើងខ្ពស់ ដោយសារការរអាក់រអួលនៃការផ្គត់ផ្គង់ ដែលបណ្តាលមកពីសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារ IEA បានឱ្យដឹងនៅថ្ងៃទី១១ ខែមីនានេះថា ការបញ្ចេញប្រេងនេះ ទទួលបានការគាំទ្រជាឯកច្ឆន្ទពីប្រទេសសមាជិកទាំង៣២ ដែលនេះជាលើកទី៦ហើយ ដែល IEA បានចាត់វិធានការបែបនេះ ចាប់តាំងពីការបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៧០មក។ វិធានការខាងលើ មានគោលបំណងបង្ការកុំឱ្យតម្លៃប្រេងបន្តកើនឡើងបន្ថែមទៀត ចំពេលមានការព្រួយបារម្ភថា ការវាយប្រហាររបស់អ៊ីរ៉ង់នឹងបន្តរារាំងការនាំចេញប្រេងពីមជ្ឈិមបូព៌ាទៅកាន់ទីផ្សារពិភពលោក។

នាយកប្រតិបត្តិនៃទីភ្នាក់ងារ IEA លោក Fatih Birol បានគូសបញ្ជាក់ថា បញ្ហាប្រឈមក្នុងទីផ្សារប្រេងដែលកំពុងជួបប្រទះនាពេលនេះ គឺមានទំហំធំធេងមិនធ្លាប់មានពីមុនមក ហេតុដូច្នេះហើយបណ្តាប្រទេសសមាជិក IEA បានឆ្លើយតបតាមរយៈសកម្មភាពរួមគ្នាជាបន្ទាន់ ក្នុងកម្រិតទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្របែបនេះ។

យ៉ាងណាក៏ដោយ ប្រសិនបើប្រេងចំនួន ១០០លានបារ៉ែល ត្រូវបានបញ្ចេញក្នុងរយៈពេលមួយខែខាងមុខ នោះល្បឿនបញ្ចេញប្រេងប្រចាំថ្ងៃនឹងមានចំនួនប្រហែល ៣.៣ លានបារ៉ែល ដែលវាគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ បើធៀបនឹងការកាត់ផ្តាច់ការផ្គត់ផ្គង់នាពេលបច្ចុប្បន្ន ដែលមានចំនួនប្រហែល ២០លានបារ៉ែលក្នុងមួយថ្ងៃ ដោយសារការបិទច្រកសមុទ្រ Hormuz៕