ប្រេងអ៊ីរ៉ង់ នៅតែអាចដឹកជញ្ជូនឆ្លងកាត់តាម Hormuz បានយ៉ាងរលូន ដល់ជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ

អន្តរជាតិ

យោងតាមទិន្នន័យដឹកជញ្ជូនផ្លូវការមួយបានបង្ហាញឲ្យដឹងថា ប្រេងឆៅរបស់អ៊ីរ៉ង់ នៅតែអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បានយ៉ាងរលូន នៅក្នុងអត្រាជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យមួយដែលចេញផ្សាយដោយ TankerTrackers បានបង្ហាញថា អ៊ីរ៉ង់បាននាំចេញប្រេងឆៅប្រហែល ១៣,៧ លានបារ៉ែលចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមបើកការវាយប្រហាររបស់ពួកគេលើប្រទេសនេះ នៅថ្ងៃទី២៨ ខែកុម្ភៈ មក។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនទិន្នន័យ Kpler ក៏បានប៉ាន់ប្រមាណថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់ក្នុងរយៈពេល ១១ថ្ងៃដំបូងនៃខែមីនាគឺមានកម្រិតខ្ពស់ជាង បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រហែល ១៦,៥ លានបារ៉ែល។

ជុំវិញរឿងនេះ បានកើតឡើងចំពេលមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញពីប្រទេសឈូងសមុទ្រផ្សេងទៀតក្នុងរយៈពេលពីរសប្តាហ៍កន្លងមក។ ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក អ៊ីរ៉ង់បានកំណត់គោលដៅលើការដឹកជញ្ជូន នៅក្នុងច្រកសមុទ្រ Hormuz និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងមជ្ឈិមបូព៌ា។

ជុំវិញបញ្ហានេះបានបង្ខំឲ្យនាវាដែលមិនមែនជារបស់អ៊ីរ៉ង់បញ្ឈប់ការដឹកជញ្ជូនឆ្លងកាត់តំបន់ Hormuz ហើយនាំឲ្យមានការថយចុះផលិតកម្មដោយប្រទេសផលិតប្រេងនៅក្នុងតំបន់។

យ៉ាងណាមិញ​ បើយោងតាមលោក Matias Togni អ្នកវិភាគប្រេង និងដឹកជញ្ជូនប្រចាំនៅស្ថាប័ន Next Barrel បានបង្ហាញជឿជាក់ថាសហរដ្ឋអាមេរិក មានការព្រួយបារម្ភថាការរារាំងកប៉ាល់ដឹកប្រេងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់អាចបង្កឲ្យមានការវាយប្រហារបន្ថែមទៀតលើកប៉ាល់នានាដែលឆ្លងកាត់តាមច្រកសមុទ្រ Hormuz នេះ។

ជម្រាបជូនថា ទិន្នន័យពី TankerTrackers និង Kpler បានបង្ហាញថា ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ចន្លោះថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១១ ខែមីនា មានចំនួន ១,១-១,៥ លានបារ៉ែលក្នុងមួយថ្ងៃ។ កាលពីឆ្នាំមុន ការនាំចេញជាមធ្យមរបស់ប្រទេសនេះបានឈានដល់ ១,៦៩ លានបារ៉ែលក្នុងមួយថ្ងៃ៕​