លោក Toshifumi Suzuki អតីតប្រធានក្រុមហ៊ុន Seven & i Holdings និងជាបុរសដែលនៅពីក្រោយភាពជោគជ័យជាសកលនៃហាងលក់ទំនិញរាយ 7-Eleven បានទទួលមរណភាពហើយ នៅក្នុងអាយុ ៩៣ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Seven & i Holdings បានប្រកាសនៅថ្ងៃទី២៥ ខែឧសភាថា លោក Suzuki បានទទួលមរណភាពដោយសារជំងឺបេះដូង នៅថ្ងៃទី១៨ ខែឧសភា បន្ទាប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យ។
យ៉ាងណាមិញ ក្រុមហ៊ុន Seven & i Holdings បានសរសេរថា ៖”យើងសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីស្រឡាញ់ និងការគាំទ្រដែលមនុស្សគ្រប់គ្នាបានបង្ហាញដល់លោក Suzuki រហូតដល់ជីវិតចុងក្រោយរបស់គាត់ ថ្ងៃនេះ យើងមានភាពសោកស្តាយក្រៃលែង ក្នុងការប្រកាសពីការស្លាប់របស់គាត់”។
លោក Suzuki ត្រូវបានចាត់ទុកថាជា “បិតានៃហាងលក់ទំនិញរាយ” នៅប្រទេសជប៉ុន។ លោកបានចូលរួមជាមួយក្រុមហ៊ុនផ្សារទំនើប Ito-Yokado (ជប៉ុន) ក្នុងឆ្នាំ១៩៦៣ ហើយបានរកឃើញហាង 7-Eleven ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្មទៅកាន់សហរដ្ឋអាមេរិក ដើម្បីចរចាអំពីការរួមបញ្ចូលគ្នា និងការទិញយក។
ក្រោយមក ក្រុមហ៊ុន Ito Yokado បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Southland Corporation ដែលជាម្ចាស់ហាង 7-Eleven ហើយបានបើកហាង 7-Eleven ដំបូងគេនៅទីក្រុងតូក្យូក្នុងឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ 7-Eleven មានហាងជាង ៨៥ ០០០ កន្លែងនៅទូទាំងពិភពលោក ដោយមានប្រហែល ២៥% នៅក្នុងប្រទេសជប៉ុន៕

