អាមេរិក សម្រេចផ្អាកទណ្ឌកម្មបណ្តោះអាសន្ន ដោយអនុញ្ញាតឲ្យប្រទេសនានាទិញប្រេងរបស់រុស្ស៊ី

អន្តរជាតិ

សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យយប្រទេសនានាទិញប្រេងរបស់រុស្ស៊ីដែលកំពុងស្ថិតនៅលើសមុទ្ររយៈពេល ៣០ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី១១ ខែមេសា ដើម្បីបន្ថយតម្លៃប្រេងពិភពលោកដែលកំពុងហក់ឡើងខ្ពស់ដោយសារជម្លោះមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសថា សេតវិមាន កំពុងអនុញ្ញាតឲ្យប្រទេសនានាទិញប្រេងរបស់រុស្ស៊ីដែលជាប់គាំងនៅលើសមុទ្របានជាបណ្ដោះអាសន្ន។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យទីផ្សារថាមពលសកលមានស្ថេរភាព ខណៈគោលនយោបាយនេះនឹងមានរយៈពេល ៣០ថ្ងៃ។

លោក Bessent បានអះអាងទៀតថា វិធានការរយៈពេលខ្លីនេះ អនុវត្តចំពោះតែប្រេងដែលកំពុងដឹកជញ្ជូនចេញពីប្រទេសរុស្ស៊ីរួចហើយ ខណៈវានឹងមិនផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុសំខាន់ៗណាមួយ ដល់រដ្ឋាភិបាលរុស្ស៊ីនោះឡើយ។

ជម្រាបជូនថា ការប្រកាសរបស់សហរដ្ឋអាមេរិក បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងថាមពលបាននិយាយថា នឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងរបស់ខ្លួន។ តួលេខនេះគឺជាផ្នែកមួយនៃផែនការបញ្ចេញប្រេងចំនួន ៤០០ លានបារ៉ែល ដែលបានប្រកាសដោយប្រទេសជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃទី១១ ខែមីនា។ តែទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងសកលបានកើនឡើងជាបន្តបន្ទាប់ ដោយបច្ចុប្បន្នកំពុងជួញដូរប្រហែល ៩៥-១០០ដុល្លារក្នុងមួយបារ៉ែល៕​