ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោយចុះពិនិត្យ ផ្ទៀងផ្ទាត់ ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ២ ០០០ ទីតាំងដែលបានបិទឬផ្អាកប្រតិបត្តិការដោយមិនទាន់បានវាយតម្លៃអនុលោមភាពពីអង្គភាពមានសមត្ថកិច្ចក្រសួងពាណិជ្ជកម្មរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង៤០០ទៀតប៉ុណ្ណោះដែលបន្ដបិទ។

យោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា «ក្រោយពី ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្ដែងដល់ទីតាំងក្រោមកិច្ចសហការពីម្ចាស់ស្ថានីយ និងដេប៉ូ បានរកឃើញថា នៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ ទីតាំងប៉ុណ្ណោះនៅបន្តបិទឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវ នៃការមកដល់នៃស្តុកថ្មី ហើយក្រៅពីនោះបានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦»។
សេចក្ដីជូនដំណឹងដដែល បានបន្ថែមថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូច
ណាដែលកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃដែលបង្កផលប៉ះពាល់ដល់សាធារណៈ៕



