តំណាងកម្ពុជាចូលរួមសិក្ខាសាលាហ្វ្រង់កូហ្វូនី នៅសាធារណរដ្ឋស៊ីប ជំរុញឱកាសការងារយុវជន និងទេសចរណ៍ចីរភាព

សង្គម​ និង​សេដ្ឋកិច្ច

លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិហ្វ្រង់កូហ្វូនី ស្តីពី «ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ឱកាសការងារសម្រាប់យុវជន និងការកៀរគរហិរញ្ញប្បទាន» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋស៊ីប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានផ្តួចផ្តើមឡើងដោយគម្រោង Destination Éco-Talents (DET) ក្រោមការសហការរៀបចំរវាងវិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងក្រសួងការបរទេសស៊ីប ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស៊ីប តំណាងអង្គការ OIF និងអ្នកជំនាញប្រមាណ ៦៧រូប មកពី ១៩ប្រទេសសមាជិក។

នៅក្នុងអង្គសិក្ខាសាលា តំណាងប្រទេសទាំងអស់បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើការវាយតម្លៃលទ្ធផលគម្រោង DET ព្រមទាំងការស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីលើកកម្ពស់ឱកាសការងារ និងការអភិវឌ្ឍជំនាញដល់យុវជនឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ កិច្ចពិភាក្សាក៏បានផ្តោតលើការកៀរគរប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រគម្រោងទេសចរណ៍សហគមន៍ និងការរៀបចំកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងរាជរដ្ឋាភិបាលនៃបណ្តាប្រទេសនិយាយភាសាបារាំង ជាមួយផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍នានា។

គួរបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសសាកល្បងមួយក្នុងចំណោម ៤ប្រទេសនៃគម្រោង DET រួមជាមួយប្រទេសកាប់វែរ កូម័រ និងវៀតណាម។ ការចូលរួមយ៉ាងសកម្មនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈដល់យុវជន ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ដោយភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ៕