សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា កម្ពុជាមិនដែលមានមហិច្ឆតាឈ្លានពានទឹកដីរបស់ប្រទេសជិតខាងណាមួយនោះទេ កម្ពុជាជាប្រទេសតូច ហើយកម្ពុជាត្រូវការ តែសន្តិភាពប៉ុណ្ណោះ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងជនភៀសសឹកចំនួន៦ភូមិ នៅខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ទឹកចិត្តដ៏អង់អាចក្លាហានរបស់កងកម្លាំង និងការគោរពដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហាន កិច្ចខិតខំប្រឹងប្រែងរបស់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់ ក្នុងកិច្ចការពារបុព្វហេតុជាតិ មាតុភូមិ ការពារទឹកដីពីការឈ្លានពានរបស់សត្រូវប្រទេសជិតខាងនាពេលកន្លងមក។
សម្តេចបានបញ្ជាក់ថា កម្ពុជាមិនដែលមានមហិច្ឆតាឈ្លានពានទឹកដីរបស់ប្រទេសជិតខាងណាមួយនោះទេ កម្ពុជាជាប្រទេសតូច ហើយកម្ពុជាត្រូវការ តែសន្តិភាពប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម ស ខេង បានសម្តែងការគាំទ្រលើគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល លើការដឹកនាំ និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីឲ្យប្រជាពលរដ្ឋឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញ និងបន្តរួមចំណែក ក្នុងការជួយឧបត្ថម្ភអ្វីដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលដោយការលំបាករបស់ជនភៀសសឹក។
សូមជម្រាបថា សម្រាប់ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា មានប្រជាពលរដ្ឋជាង៣០០០គ្រួសារ ស្មើនឹងមនុស្សរាយចំនួន១១ម៉ឺននាក់ រួមទាំងកុមារព្រះសង្ឃមិនអាចវិលត្រលបទៅលំនៅឋាន និងទីអារាមបាន៕





