ក្រុមហ៊ុនឯកជន ដែលមកពីកម្ពុជា និងប្រទេសហ្វីលីពីនចំនួន៣៣ បានបើកវេទិកាធុរកិច្ចរួមគ្នា ដើម្បីជំរុញការនាំចេញផលិតសំខាន់ ៣ មុខ រួមមាន៖ អង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។វេទិកាធុរកិច្ចរួមគ្នានេះ បានធ្វើឡើងកាលរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក រដ្ឋមន្ត្រី ឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងលោក Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន។

វេទិកានេះ រៀបចំឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន កម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម សំដៅជំរុញទំហំពាណិជ្ជកម្មកសិកម្ម បំពេញតម្រូវការទីផ្សារ និងធានានិរន្តរភាពសន្តិសុខស្បៀងជូនប្រជាជាតិនៃប្រទេសទាំង២។ ក្នុងវេទិកានោះដែរ គឺមានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៣៣ ក្រុមហ៊ុន ដើម្បីចូលរួមពិភាក្សា ពីលទ្ធភាពនាំអង្ករបន្ថែមពីកម្ពុជាទៅកាន់ហ្វីលីពីនព្រមទាំងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតរបស់កម្ពុជារួមមាន៖ គ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន ព្រមទាំងការសហការគ្នាលើការផ្គត់ផ្គង់ជីកសិកម្មដើម្បីធានានិរន្តរភាពធាតុចូលកសិកម្មនៃប្រទេសទាំងពីរផងដែរ។

កម្ពុជា-ហ្វីលីពីន បានចាត់ទុកថា វេទិកានេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតរវាងកម្ពុជា និងហ្វីលីពីន លើការបើកទីផ្សារអង្ករកម្ពុជា និងកសិផលសក្តានុពល ដែលនឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាកសិករកម្ពុជា៕ អត្ថបទ៖ហ្សាលីន




