មុនឈានជើងមកទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីចិន ផ្ញើសារមានក្តីរំភើបខ្លាំង

សង្គម​និង​សេដ្ឋកិច្ច

មុនឈានជើងមកដល់ទឹកដីកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ តាមអញ្ជើញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានផ្ញើសារបង្ហាញក្តីរំភើបជាខ្លាំងនៅពេលឃើញថា កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើវិស័យកសិផល តំបន់សួនឧស្សាហកម្ម សមត្ថភាពផលិតកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើមមានវឌ្ឍនភាពឥតឈប់ឈរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារលិខិត លោក លី ខឺឈាង បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំនេះ ទន្ទឹមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា បានចូលជាធរមាន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបាន ១០ពាន់លានដុល្លារអាមេរិក ដែលជាតួលេខសម្រេចបានមុនពេលកំណត់ពីរឆ្នាំ។ សម្រាប់កសិផលកម្ពុជា ដែលមានគុណភាពខ្ពស់ ត្រូវបាននាំចេញ និងមានវត្តមាននៅក្នុងផ្ទះប្រជាជនចិន មានដូចជាអង្ករ ត្រីប្រា ចេក ស្វាយ មៀន។

ទន្ទឹមនឹងនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការកសាងដោយភាគីទាំងពីរបានទាក់ទាញសហគ្រាសជាង១៧០ ហើយបានបង្កើតជាឱកាសការងារជិត ៣ម៉ឺនកន្លែង។ វឌ្ឍនភាពនៃការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានភាពរលូន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានបញ្ចប់ការដ្ឋាន ធ្វើឱ្យកម្ពុជាមានផ្លូវល្បឿនលឿនដំបូងគេនៅក្នុងប្រទេស។

លោកថ្លែងថា៖ “ខ្ញុំជឿជាក់ថា ការអភិវឌ្ឍន៍ជារួមរបស់កម្ពុជានឹងឈានចូលដល់យុគសម័យល្បឿនលឿនជាមិនខាន”

នាយករដ្ឋមន្ត្រីចិន បានរំលេចថា ក្រឡេកមើលប្រវត្តិសាស្រ្ត ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានអាយុកាលយូរអង្វែងរាប់ពាន់ឆ្នាំ និងបានឆ្លងកាត់រាល់ឧបសគ្គទាំងឡាយ។ លោកថា ថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពដ៏មហិមា ធ្វើឱ្យចំណងមិត្តភាពនេះកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

លើបញ្ហាដែលទាក់ទងទៅនឹងអត្ថប្រយោជន៍ស្នូលរវាងគ្នានឹងគ្នា និងបញ្ហាដែលជាកង្វល់សំខាន់ លោកបានបញ្ជាក់ថា ភាគីទាំពីរបានគាំទ្រនិងជួយគ្នាយ៉ាងមុតមាំ ជំនឿទុកចិត្ត និងចំណងមិត្តភាពដែលអាចពឹងផ្អែកឱ្យគ្នាទៅវិញទៅមក ត្រូវបានចាក់ឫសគល់យ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងប្រជាជនទាំងពីរតាំងយូរមកហើយ។ ឫសគល់នៃចំណងមិត្តភាពកាន់តែជ្រៅ ស្លឹកនៃកិច្ចសហប្រតិបត្តិការកាន់តែដុះញឹក និងបង្កើតបានជាសមិទ្ធផលផ្លែផ្កា ជាច្រើនអនេក។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ លោក លី ខឺឃាង នឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌលព្រះបរមរូបព្រះបរមរតនកោដ្ឋ។

ជាមួយគ្នា នាយកដ្ឋមន្រ្តីចិនរូបនេះក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្ដីកង្វល់រួម។ ហើយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏មាននឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងសម្ពោធជានិមិត្តរូបបើកឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

លើសពីនេះ នាយករដ្ឋមន្ត្រីចិន លី ខឺឈាង នឹធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដែលក្នុងឱកាសនោះ លោក នឹងធ្វើជាអធិបតីជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវផងដែរ៕