ក្តាមថ្មកោះកុង នឹងចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលខាងមុខឆាប់ៗនេះ ដើម្បីចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយ

សង្គម​ និង​សេដ្ឋកិច្ច

មហាសន្និបាតកំណើតដំបូងសមាគមអ្នកអភិរក្សក្តាមថ្មកោះកុង បានរៀបចំឡើងកាលពីថ្ងៃទី៦ ខែមីនា ដើម្បីឈានដល់ការពិនិត្យ និងអនុម័តលើលក្ខន្តិកៈរបស់សមាគមអ្នកអភិរក្សក្តាមថ្មកោះកុង សេចក្តីព្រាងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងរៀបចំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងគណៈកម្មការប្រតិបត្តិរបស់សមាគម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងនាមជាតំណាងនៃក្រសួងពាណិជ្ជកម្ម លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តចូលរួមគាំទ្រសមាគមនដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុង ដែលនឹងត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលខាងមុខឆាប់ៗនេះ ទាំងផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងការចូលទៅកាន់ទីផ្សារ ដើម្បីធានាថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមិនត្រឹមតែជាការទទួលស្គាល់តាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក្លាយជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កិត្តិនាមផលិតផលខ្មែរ នៅលើទីផ្សារជាតិ និងអន្តរជាតិ។

លោកបន្តថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍ និងការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាឆ្នាំ២០២៦-២០៣០ ដើម្បីលើកកម្ពស់ការពង្រឹងអភិបាលកិច្ច និងក្របខ័ណ្ឌច្បាប់ ការអភិវឌ្ឍសមត្ថភាពរបស់ផលិតករ សមាគម និងវិស័យ ឯកជន ជំរុញការធ្វើពាណិជ្ជូបនីយកម្ម ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងការតាមដាន រកប្រភពដើមទំនិញផងដែរ។

ដោយលោកបញ្ជាក់ថា តាមរយៈបទពិសោធន៍កន្លងមក ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព ពិតជាបានផ្តល់នូវលទ្ធផលវិជ្ជមានជាច្រើនទាំងការលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ផ្សព្វផ្សាយ  វប្បធម៌ ទាក់ទាញភ្ញៀវទេសចរណ៍ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ប៉ុន្តែចាំបាច់ត្រូវមានអភិបាលកិច្ច ការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ម៉ាកនេះ ប្រកបដោយភាពម៉ត់ចត់បំផុត ដើម្បីធានាឱ្យការប្រើប្រាស់ម៉ាកស្របតាមលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

សូមបញ្ជាក់ថា ពាក់ព័ន្ធការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្តាមថ្មកោះកុង អង្គមហាសន្និបាត បានបោះឆ្នោតអនុម័តយល់ព្រមទៅលើ (១) លក្ខន្តិកៈរបស់សមាគមអ្នកអភិរក្សក្តាមថ្មកោះកុង (២) សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុង និង(៣)បានបោះឆ្នោតជ្រើសរើសប្រធានសមាគម ចំនួន ១រូប  អនុប្រធានចំនួន២រូប និងសមាជិកគណៈប្រតិបត្តិ ចំនួន ៦រូប។ ប្រធានសមាគមដែលជាប់ឆ្នោត និងសមាជិកសមាគមទាំងអស់ ក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមដឹកនាំ និងអភិវឌ្ឍន៍សមាគម ជាពិសេសកសាងកេ្តរ្តិ៍ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុងឱ្យកាន់តែមានភាពល្បីល្បាញ និងអាចទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តកោះកុងបានកាន់តែច្រើន៕