លោក សៅ សុខា ប្រកាសនឹងដើរចេញពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់ បើ​កម្ពុជា​ធ្លាក់ក្នុង​វគ្គចែកពូល

សង្គម​និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) បានប្រកាសលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីម៉ោងប្រមាណ ១២រំលងអាទ្រាធថា ប្រសិនបើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ លោកសូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយឧត្តមសេនីយ៍ បានសរសេរថា កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ។ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាម
រយះវិស័យកីឡាបាល់ទាត់។

លោកសរសេរអះអាងថា៖ “បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម”។

លោកបន្ថែមថា ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់
ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់
មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ៕