ចិន មានឆន្ទៈសហការជាមួយភាគីមិត្តកម្ពុជាដើម្បីរួមគ្នាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីទឹកដីកម្ពុជា សំដៅការពារសន្តិសុខ និងសុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

លោក វ៉ាង វិនពីន បានលើកឡើងថា «យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវិធានការដ៏មាន ប្រសិទ្ធភាពនិងសមិទ្ធផលវិជ្ជមានដែលភាគីកម្ពុជាសម្រេចបានក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការដែលក្រសួងសន្តិសុខសាធារណៈចិនផ្តល់ជំនួយជាសម្ភារៈនគរបាលមួយចំនួនដល់ភាគីមិត្តកម្ពុជាលើកនេះគឺជាវិធានការជាក់ស្តែងមួយទៀតក្នុងការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន ស៊ី ជិនពីង នៅប្រទេសកម្ពុជានិងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នារវាងចិន-កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា ភាគីចិនមានឆន្ទៈសហការជាមួយភាគីមិត្តកម្ពុជាដើម្បីរួមគ្នាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជាសំដៅការពារសន្តិសុខ សុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរនិងបង្កបង្កើតនូវបរិយាកាសល្អប្រសើរសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងកម្ពុជា៕


