លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គីឡូក្រាម) ជាច្រើនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥មីល្លីម៉ែត្រ ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកមួយនេះ។

លោកបន្តថា ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ ។
រយៈពេលជាង ៥០ឆ្នាំមកហើយ ពោលគឺចាប់ខែឧសភា ឆ្នាំ១៩៧៥ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតសង្គ្រាមនោះ គ្មានគ្រាប់បែក MK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ។
លោកបានឱ្យដឹងទៀតថា ប្រាសាទវិហារជាទីតាំងដ៏សក្តិសិទ្ធបំផុត សូម្បីតែអតីតព្រះមហាក្សត្រសៀម ឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារ ដើម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ។ ដូចនេះរដ្ឋណា ឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ៕












