(ហូជីម៉ិញ)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានប្រកាសប្រាប់ប្រជាជនវៀតណាមថា ការខ្វះខាតប្រេងឥន្ធនៈមិនត្រូវកើតមានជាដាច់ខាត ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន VNS នៅថ្ងៃទី១៧ ខែមីនានេះ។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីវៀតណាមបែបនេះ ចំពេលដែលមានក្ដីបារម្ភពីកង្វះខាតប្រេងប្រើប្រាស់ទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យការផ្គត់ផ្គង់តាមច្រកហ័រមូហ្សត្រូវជាប់គាំងអស់រយៈពេលជិត៣សប្តាហ៍មកនេះ ដោយគ្មានសញ្ញាណាមួយថានឹងបញ្ចប់ឆាប់ៗឡើយ ស្របពេលអ៊ីស្រាអ៊ែល បានប្រកាសថានឹងវាយប្រហារអ៊ឺរ៉ង់យ៉ាងហោចណាស់៣សប្តាហ៍បន្ថែមទៀត។
កិច្ចប្រជុំនោះ ថ្នាក់ដឹកនាំវៀតណាម បានពិភាក្សាអំពីវិធានការដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងធ្វើឱ្យតម្លៃប្រេងសាំងមានស្ថេរភាព។
ទន្ទឹមគ្នានេះ មេដឹកនាំវៀតណាម បានព្រមានដែរថា ការស្តុកទុកមិនលក់ ការក្រឡុកតម្លៃ ឬការទាញយកប្រយោជន៍ពីគោលនយោបាយដើម្បីរកប្រាក់ចំណេញ ត្រូវបានហាមឃាត់យ៉ាងតឹងរឹង ព្រោះវាអាចរំខានដល់ទីផ្សារ ហើយភាគីពាក់ព័ន្ធត្រូវពង្រឹងការត្រួតពិនិត្យ និងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះការរំលោភបំពាន៕





