សមាគមធនាគារនៅកម្ពុជា(ABC) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានបញ្ជាក់ជូនសាធារណជនថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា(NBC) ជាមួយនឹងសូចនាករចម្បងៗ នៃភាពប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។

តាមរយៈសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ សមាគមទាំងពីរបានលើកឡើងថា ការចែកចាយ និងផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។
សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គូសបញ្ជាក់ថា ភាពរររាក់រអួលចំពោះប្រតិបត្តិការបណ្ដោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានអំពាវនាវដល់សាធារណជន សូមកុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម។ សូមតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃកម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់សេវាដោយផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម។
សមាគមទាំងពីរបន្តរក្សាទំនុកចិត្តនិងភាពរឹងមាំនៃវិស័យធនាគារ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិកទាំងអស់ ដើម្បីធានាការទំនាក់ទំនងច្បាស់លាស់ លើកកម្ពស់បរិយាកាសប្រតិបត្តិការឱ្យមានរបៀបរៀបរយ និងរក្សាស្ថិរភាព និងទំនុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕



