លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ បច្ចេកទេសរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត(AI) ដែលក្រុមហ៊ុនអាចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង។

ការស្នើនេះរបស់លោករដ្ឋមន្រ្តីនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group និងប្រតិភូ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក ហេង សួរ បានស្នើឱ្យក្រុមហ៊ុន Geely Talent Development Group ផ្តោតលើការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ បច្ចេកទេសរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត(AI) ដែលក្រុមហ៊ុនអាចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង។

ដោយលោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេសរបស់ក្រសួងខណៈដែលកម្ពុជាមានកម្មករនិយោជិតជាង ១លាននាក់កំពុងបម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលត្រូវការជំនាញបន្ថែមសម្រាប់ពង្រឹងផលិតភាព។ បន្ថែមពីនេះ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាផងដែរ។

ជាការឆ្លើយតបលោក ដេវីន លូ តាន់ ដែលជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group បានបញ្ជាក់ពីការគ្រោងបណ្តុះបណ្តាលដែលអាចធ្វើឡើងក្នុងទម្រង់ទំនើបតាមរយៈការសិក្សាដោយផ្ទាល់ និងតាមរយៈអនឡាញ ដើម្បីចូលរួមចំណែកក្នុងការលើកម្ពស់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ដែលមានភាពបត់បែន និងអំណោយផលសម្រាប់បងប្អូនកម្មករនិយោជិត ក្នុងការសិក្សាពីចម្ងាយ និងសិក្សាពីកន្លែងការងារ ដែលចំណេញទាំងពេលវេលា និងកាត់បន្ថយការចំណាយផងដែរ៕



