ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នេះនឹងធ្វើឡើងនៅក្នុងខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដង ទន្លេកម្ពុជា ជាពិសេសខេត្តក្រចេះ, ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ, ពង្រឹងនិងលើកកម្ពស់គុណភាព សេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍, លើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍនៅ នឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក្នុងខេត្តក្រចេះ។
ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ បុណ្យទន្លេលើកទី១០ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ដើម្បីជំរុញឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅដោយភាពអធិកអធម គណៈកម្មការអន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ចំនួន១០ផងដែរ រួមមាន៖
១. ពិធីរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គ ដើម្បីឧទ្ទិសកុសលចូនដល់វិញ្ញាណកន្ធបុព្វបុរសខ្មែរ វីរៈកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្របប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិនិងប្រជាជន។
២. កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រមទាំងផ្ញើក្តីនឹករលឹកដល់ជនភៀសសឹក។
៣. កម្មវិធីព្រលែងកូនត្រីចូលក្នុងទន្លេ ដើម្បីផ្តល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវៈចម្រុះសម្រាប់ទន្លេនិងបួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព។
៤.ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលទេសចរណ៍ ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រីផងដែរ។
៥.ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំង ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលខ្មែរ ព្រមទាំងការបង្ហាញ សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ។
៦.សិក្ខាសាលា និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
៧.សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ។
៨.កម្មវិធីដាំដើមឈើស្របតាមទស្សនាទាន៖ ទេសចរម្នាក់ ដើមឈើមួយដើម។
៩.កម្មវិធីចែកអំណោយសប្បុរសធម៌។
១០.កម្មវិធីបណ្តែតប្រទីប ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។
គួររម្លឹកថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ បានរៀបចំនៅខេត្តតាកែវ ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណជាង៣៥ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណជាង១០០០នាក់៕



