ការកសាងផ្លូវក្រវាត់ព្រំដែន ប្រវែងផ្លូវសរុបជាង ២៦៤ គីឡូម៉ែត្រ សម្រេចបានជិត ៩៩ % ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ២០ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ លើដីជាក់ស្តែង បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង បន្ទាបចំណោតភ្នំ ចិតជញ្ជាំងភ្នំ និងជីកប្រឡាយបង្ហូរទឹកភ្លៀង និងកសាងតួផ្លូវ សម្រេចបានប្រវែង ២៦១,៩០ គីឡូម៉ែត, និង ចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៥១,៩០ គីឡូម៉ែត្រ។ លទ្ធផលរួមនៃដំណើរការកសាង ផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។

ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបាន ៩៧,៦៣%។ ជាមួយគ្នានេះ, កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥, ក្រុមការងារចំពោះកិច្ច ក.គ.ម (កងឯកភាពលេខ៧១៥ នៃកងកម្លាំងវិស្វកម្ម) បានឈូសបើកផ្លូវក្នុងទឹកដីកម្ពុជាទៅដល់បង្គោលលេខ ០ (តំបន់កន្ទុយនាគ) ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម និងបាននិងកំពុងបន្តកសាង និងពង្រឹងផ្លូវនេះ ដើម្បីធានាភាពងាយស្រួលក្នុងការធ្វើដំណើរ។

ជាមួយគ្នានេះ ក្រុមការងារចំពោះកិច្ច ក.គ.ម ថានឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះជូនសាធារណជនជ្រាបជាបន្តបន្ទាប់ផងដែរ។

សូមជម្រាបដែរថា ការកសាងផ្លូវក្រវ៉ាតិព្រំដែននេះ គឺធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពី ការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ តម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន៕ អត្ថបទ៖ហ្សាលីន