ឆ្នាំ២០២១ ADB ផ្តល់ជំនួយឥតសំណងដល់កម្ពុជាក្នុងទំហំទឹកប្រាក់ ៤,២ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមឆ្នាំ ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB )បានប្រកាសផ្តល់កម្ចីផ្នែកសាធារណៈជំនួយឥតសំណង និងជំនួយបច្ចេកទេស សរុប ៣១៩ គម្រោង ដែលមានតម្លៃប្រមាណ ៤,២ ពាន់លានដុល្លារដល់កម្ពុជា។ បើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី៥ ខែឧសភានេះ បានបញ្ជាក់ថា ជំនួយឥតសំណង និងជំនួយបច្ចេកទេសទាំងនោះ ផ្តោតសំខាន់ទៅវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អភិវឌ្ឍន៍ជនបទ ថាមពល ហិរញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារអភិវឌ្ឍន៍អាស៊ី ADB គឺជាប្រភពផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំមួយ របស់ប្រទេសកម្ពុជា ជាមួយការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំ ជាមធ្យមចំនួន ៣២៩,៨ លានដុល្លារក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០១៦ ដល់២០២១។ មកទល់ពេលនេះ ADB បានផ្តល់ប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយផ្នែកបច្ចេកទេសក្នុងវិស័យសាធារណៈ ចំនួន៣១៩គម្រោង ដែលមានទំហំទឹកប្រាក់សរុបចំនួន ៤,២ ពាន់លានដុល្លារដល់កម្ពុជា។

ច្រើនជាងមួយភាគបួននៃគម្រោង ដែលបានផ្តល់ហិរញ្ញប្បទាន នឹងត្រូវបានវិនិយោគលើការអប់រំ និងការអភិវឌ្ឍន៍ជំនាញគម្រោង។ ខណៈប្រមាណ២២ភាគរយ នៃហិរញ្ញប្បទាន បានជួយដល់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលប្រកបដោយនិរន្តរភាព (sustainable fisheries value chains )ដូចជា តំបន់ឆ្នេរសមុទ្រ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប្រព័ន្ធធារាសាស្រ្ត។

ជាមួយគ្នានេះ ADB បានផ្តល់ហិរញ្ញប្បទានដល់គម្រោងកម្មវិធី ដើម្បីបង្កើនសេដ្ឋកិច្ចចម្រុះ ជាមួយបង្កើតការប្រកួតប្រជែង និងសម្រួលបរិយាកាសអាជីវកម្ម ព្រមទាំងការផ្តល់ហិរញ្ញប្បទានសមរម្យ ទៅសហគ្រាសធុនតូច និងមធ្យម (SMEs)។ ទន្ទឹមការជំរុញហេដ្ឋារចនាសម្ព័ន្ធទីក្រុង ប្រកបដោយនិរន្តរភាព និងបៃតងក៏ត្រូវបាន ADB យកចិត្តទុកដាក់ផ្តល់ជំនួយជាហិរញ្ញប្បទាន នូវការសាងសង់ ជួសជុលផ្លូវ ប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពល និងបរិស្ថានរស់នៅក្នុងទីក្រុង ។

ក្រៅពីនេះ ADB បានជួយរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជាបន្ទាន់របស់ខ្លួន ចំពោះជំងឺរាតត្បាតកូវីដ-១៩ តាមរយៈកម្មវិធីពង្រឹងប្រព័ន្ធថែទាំសុខភាព (Health Care System) ក្នុងការបង្កើនជំនួយសង្គមដល់ជនក្រីក្រ និងជនងាយរងគ្រោះ។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២១ ADB ផ្តល់ប្រាក់កម្ចីចំនួន ៣២៧,១ លានដុល្លារ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺរាតត្បាតកូវីដ១៩ ដើម្បីបង្កើននូវសមត្ថភាពប្រព័ន្ធសុខភាពស្នូល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈ។

នៅក្រោមទិសដៅចក្ខុវិស័យរបស់ ADB សម្រាប់ឆ្នាំ ២០២២-២០២៤ ធនាគារនេះ នឹងជួយរដ្ឋាភិបាលទៅលើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ជាមួយធនធានដែលមានសមត្ថភាពជំនាញកម្រិតខ្ពស់ លើវិស័យបច្ចេកវិទ្យា ជាពិសេសពង្រឹងការចូលរួម របស់វិស័យឯកជន៕ អត្ថបទ៖រង្សី