សៀវភៅស្នាដៃនិពន្ធរបស់កវីខ្មែរ លោក ប៊ិន រ៉ាត់ «អតីតកាលដ៏រីករាយ» ដែលគ្រឹះស្ថានបោះពុម្ភ និងចែកចាយផ្សាយ នៅប្រទេសឡាវ ស្នើសុំសិទ្ធិបកប្រែជាភាសាឡាវ កាលពីឆ្នាំ២០២៥ ត្រូវបានបកប្រែ និងបោះពុម្ពផ្សាយដាក់លក់ផ្លូវការនៅប្រទេសឡាវ។

ម្ចាស់ស្នាដៃសៀវភៅជាខេមរភាសា «អតីតកាលដ៏រីករាយ» លោក ប៊ិន រ៉ាត់ បានបញ្ជាក់ថា៖ ក្នុងនាមម្ចាស់ស្នាដៃសៀវភៅ អតីតកាលដ៏រីករាយ ខ្ញុំនឹងបន្តធ្វេីសៀវភៅ ដ៏សាមញ្ញមួយក្បាលនេះ ឱ្យមានតម្លៃថ្លៃជាងប្រាក់,រហូតដល់ប្រាក់ទិញមិនបាន។ ខ្ញុំជឿជាក់ថា បច្ចេកវិទ្យាកាន់តែទំនេីប សៀវភៅនេះនឹងកាន់តែមានតម្លៃ។

ទន្ទឹមនឹងការរីករាយ លើជំហ៊ានបោះពុម្ភផ្សាយសៀវភៅស្នាដៃរបស់ខ្លួន ទាំងក្នុងស្រុក និងនៅឯគ្រឹះស្ថានបោះពុម្ភ និងចែកចាយផ្សាយ នៅប្រទេសឡាវ លោក ប៊ិន រ៉ាត់ ជឿជាក់ថា ទៅថ្ងៃអនាគត ស្នាដៃសៀវភៅ “អតីតកាលដ៏រីករាយ“ មួយក្បាលនេះ អាចនឹងផ្ដល់គុណតម្លៃលេីសពីប្រាក់, ដែលប្រាក់ទិញពុំបាន។ លោកបន្ថែមថា សៀវភៅ អតីតកាលដ៏រីករាយ នឹងនាំមិត្តអ្នកអានត្រឡប់ទៅកាន់គ្រាមួយ ដែលទឹកចិត្តជាតួឯក ខណៈទឹកប្រាក់ ត្រឹមជាតួរង ក្នុងទំនាក់ទំនងបងប្អូន ញាតិមិត្ត មិត្តភ័ក្ដិ។ អតីតកាលដ៏រីករាយ នឹងបង្ហាញជូនមិត្តអ្នកអានថា ពេលខ្លះភាពរីកចម្រេីននៃ បច្ចេកវិទ្យា មិនបានបង្កេីត ឬបង្កេីនទំនាក់ទំនង ស្មោះស្ម័គ្រ ស្មោះត្រង់ របស់មនុស្សរស់នៅក្នុងសង្គមទេ។ ពេលនោះ អ្នកនឹងទទួលស្គាល់ពីគុណតម្លៃនៃភាពស្មោះត្រង់ ។ គុណភាពជីវិត និងគុណតម្លៃនៃទំនាក់ទំនងពិតប្រាកដមួយ ។

សូមជម្រាបដែរថា លោក ប៊ិន រ៉ាត់ គឺជាកវីនិពន្ធខ្មែរមួយរូប ដែលមានក្ដីស្រមៃចង់ផ្សាភ្ជាប់ស្នាដៃនិពន្ធសៀវភៅរបស់ខ្លួន បានដល់ដៃអ្នកអានពីរប្រភេទ។ ទីមួយ គឺលោកចង់បញ្ជ្រាបការអាននៅកម្ពុជា ទៅដល់ក្រុមមនុស្សដែលមិនធ្លាប់ឣានសៀវភៅ ឬមិនមានទម្លាប់ចូលចិត្តអានសៀវភៅ។ រីឯក្រុមទីពីរ គឺក្រុមមនុស្ស ឬយុវជនខ្មែរ ដែលកំពុងមានបំណងបោះបង់ការសិក្សា។

ស្នាដៃនិពន្ធសៀវភៅល្បីៗរបស់កវីខ្មែររូបនេះ នាពេល កន្លងរួមមាន៖ សៀវភៅ “អតីតកាលដ៏រីករាយ” ដែលជាសៀវភៅទីមួយដែលរៀបរាប់អំពីជីវិតកុមារភាព(បឋមវ័យ) ជាដំណាក់កាលបំបូង និងជាគ្រាដ៏រីករាយបំផុតក្នុងដំណើរជីវិត។ សៀវភៅទីពីរ រឿងជីវិត(ព្រលឹត) ជាប្រលោមលោកដែលលើកយកបញ្ហា និងដំណោះស្រាយជីវិតជាក់ស្ដែង ក្នុងការរស់នៅប្រចាំថ្ងៃ (មជ្ឈិមវ័យ) មកបរិយាយ និងបញ្ជាក់ថានេះ ជារឿងជីវិត។ រីឯ សៀភៅទី៣ របស់លោក មានចំណងជើងថា “ថ្ងៃរសៀល” ជាសៀវភៅដែលរៀបរាប់អំពីបញ្ហាជីវិត ក្នុងបច្ឆិមវ័យ គឺវ័យចុងក្រោយជីវិត ឬឣ្នកដែលមានបញ្ហាសុខភាពជាប់ខ្លួនរ៉ាំរ៉ៃ។

ក្ដីសុខផ្លូវចិត្តធំបំផុតរបស់ កវីនិពន្ធខ្មែររូបនេះ គឺរយៈពេល ៥-១០ ឆ្នាំក្រោយ ប្រសិនបើមានមនុស្សណាម្នាក់ដើរមកជិតលោក ហើយប្រាប់លោកថា ” អរគុណបង ប្រសិនបើខ្ញុំមិនបានអានសៀវភៅរបស់បង ម្ល៉េះខ្ញុំឈប់រៀនបាត់ហើយ…។” ឬក៏ ” អរគុណបង ប្រសិនបើខ្ញុំមិនបានអានសៀវភៅបង ម្ល៉េះខ្ញុំមិនចាប់ផ្ដើមអានសៀវភៅទេ…។” ប្រយោគទាំងអស់នេះជាក្ដីសុខរបស់លោក។ នេះបើតាមការបញ្ជាក់ របស់លោក ប៊ិន រ៉ាត់ ៕










