កម្ពុជា-វៀតណាម នឹងពន្លឿនការបោះបង្គោលតាមព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-វៀតណាម នឹងពន្លឿនការបោះបង្គោលតាមព្រំដែនរវាងកម្ពុជា និងវៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីធានាឱ្យបាននូវព្រំដែនដែលមានសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទាក់ទងទៅនឹងការពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានចប់ជាស្ថាពរ ដែលភាគីទាំងពីរត្រូវបង្កើនកិច្ចសហការនៅក្នុងការធ្វើកិច្ចការងារដ៏មានសារៈសំខាន់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នានោះ។

ជាមួយគ្នានះ លោក ត្រិន កឹមទូ បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចតេជោទាក់ទងនឹងការជំរុញនិងការពន្លឿនការបោះបង្គោលតាមព្រំដែនរវាងកម្ពុជា និងវៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលជាចំណុចដ៏សំខាន់ក្នុងការពង្រឹងនូវសន្តិភាព ស្ថិរភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយស្របទៅនឹងគោលដៅប្រទេសទាំងពីរដែលមានមិត្តភាពជាជាប្រពៃណីយូរអង្វែងជាមួយគ្នា។

សូមជម្រាបដែរថា លោក ត្រិន កឹមទូ ក៏បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសម និងពិភាក្សានៅក្នុងឱកាសនេះ។ លោក បានលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពស្អិតរមួត និងរឹងមាំ ហើយកន្លងតាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំរដ្ឋនៃប្រទេសទាំងពីរបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម៕ អត្ថបទ៖អត្ថបទហ្សាលីន