ក្នុង១ខែកក្កដា កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគថ្មី ៦៧គម្រោង ក្នុងទុនវិនិយោគ ៩៤៤លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងវិនិយោគ ចំនួន៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១១ សីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងបន្តថា៖ «ក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩៤៤លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥៧ពាន់កន្លែង»។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៣គម្រោង និងគម្រោង វិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤គម្រោង។

ជារួម ការចុះបញ្ជី គម្រោងវិនិយោគមានការកើនឡើងចំនួន ២៣គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមនេះ បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោង វិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគ មានប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៧ខែនៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោង៕ អត្ថបទ៖ ហ្សាលីន